សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ទទួលសម្ភារៈ និងថវិកាពីសប្បុរសជននានា ដើម្បីសាខាបានបំពេញបេសកកម្មមនុស្សធម៌ បន្តទៀត

0

កំពង់ធំ÷ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានបន្តទទួលសម្ភារៈ និងថវិកាពីសប្បុរសជននានា ដើម្បីសាខាបានបំពេញបេសកកម្មមនុស្សធម៌ ជួយដល់គ្រួសាររងគ្រោះ ងាយរងគ្រោះ និងជួបវិបត្តិភ័យផ្សេងៗ ក្នុងឱកាសអបអរសាទរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម ក្រោមប្រធានបទ អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២។

ឯកឩត្តមងួន រតនះមានប្រសាសន៏ថាដោយយោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី១៦០ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៣ ក្រោមប្រធានបទ (រួមជាមួយ កាកបាទក្រហមកម្ពុជា ដើម្បី បរិយាបន្នសង្គម) ដោយសូមអោយធ្វើការអំពាវនាវ ចំពោះព្រះមន្ត្រីសង្ឃ គ្រប់ឋានានុក្រម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន មេត្តាចូលរួមជួយឧបត្ថម្ភគាំទ្រថវិកា និងសម្ភារៈដើម្បីសាខាបានបំពេញ បេសកកម្មមនុស្សធម៌ ជួយដល់គ្រួសាររងគ្រោះ ងាយរងគ្រោះ និងជួបវិបត្តិភ័យផ្សេងៗស្របតាម គោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។

ឯកឧត្តមងួន រតនៈ បានថ្លែងអំណរគុណដល់ព្រះមន្ដ្រីសង្ឃគ្រប់ឋានានុក្រម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានជួយឧបត្ថម្ភសម្ភារៈ និងថវិកាដើម្បីគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជា សម្រាប់យកទៅជួយដល់គ្រួសារងាយរងគ្រោះ។   ឯកឧត្តម មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា សប្បុរសជនគ្រប់មជ្ឈដ្ឋាន ចូលរួមគាំទ្រ និងឆ្លើយតប ចំពោះ សេចក្តីអំពាវនាវនេះ ដោយទឹកព្រះទ័យ និងទឹកចិត្តសោមនស្សជាក់ជាមិនខាន។

គួរបញ្ជាក់ផងដែរថា អំណោយដែលប្រគល់និងទទួលសម្រាប់ថ្ងៃនេះមានលោកឧកញ៉ា គុយ លាងគី លោកជំទាវ ឃួន ឃុនឌី និងសមាគមសហគ្រិនស្រ្តីកម្ពុជា សាខាខេត្តកំពង់ធំ។(កែសម្រួលដោយអ៊ុម ញុឹប)