ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ  ទៅចូលរួមបុណ្យសព ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត និងឧបត្ថម្ភ ជូនប្រជាពលរដ្ឋក្រីក្រ នៅឃុំបន្ទាយស្ទោង 

0

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកនូវគ្រឿងឧបភោគបរិភោគនិងថវិកា ដែលជាអំណោយរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ  ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនគ្រួសារសព  ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន២សព ដែលបានទទួលមរណភាព ដោយរោគាពាធនាពេលកន្លងទៅថ្មីៗនេះ និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៣គ្រួសារ  ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិកុកគ្រួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានថ្លែងថា ពេលប្រជាជនមានទុក្ខលំបាក គឺមានមុខក្រុមការងាររបស់រាជរដ្ឋាភិបាលរួម ជាមួយអាជ្ញាធរដែនដី ដើម្បីជួយដោះស្រាយនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។ជាមួយនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្តាយអាឡោះអាល័យ ចំពោះការបាត់បង់នូវប្រជាពលរដ្ឋទាំង២រូប ដែលបានទទួលមរណភាព ដោយរោគាពាធនាពេលកន្លងមក និងបានសូមបួងសួងសូមឧ្យវិញ្ញាណក្ខន្ធពួកគាត់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតយ៉ាងច្រើនកុះករ ដើម្បីជ្រើសរើសគណបក្ស ដែលខ្លួនស្រឡាញ់ពេញចិត្តកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ ដើម្បីដឹកនាំប្រទេសជាតិយើងឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន បញ្ជាក់ថា អំណោយរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី  ដែលបានឧបត្ថម្ភជូននៅពេលនេះ ដោយក្នុងមួយគ្រួសារសពទទួលបាននូវអង្ករចំនួន៥០គីឡូ ក្រាម មីជាតិចំនួនពីរកេស  ត្រីខកំប៉ុងចំនួនពីរយួរ  និងថវិកាមួយចំនួន  ។ ដោយឡែកក្រុមគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតចំនួន៣គ្រួសារផ្សេងទៀត ដោយក្នុងមួយគ្រួសារ ទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស និងត្រីខកំប៉ុងចំនួន១យួរផងដែរ ។

ក្រុមគ្រួសារ សព និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រជាទី បំផុត ចំពោះ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន  ម៉ាណែត និងលោកជំទាវព្រមទាំងក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបន្ទាយ ស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ  ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ និង ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងឃុំ  និងបានគោរពជូនពរឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយ  ៕