អភិបាលស្រុកស្ទោង បានណែនាំអាជ្ញាធរមូលដ្ឋានត្រូវបង្កើនយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋកំពុងជួបគ្រោះអាសន្ន និងងាយរងគ្រោះ

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញ សំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពលំបាក និងងាយរកហានិភ័យ០៤គ្រួសារនៅក្នុងភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងឱកាសនេះលោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរមូលដ្ឋានពិសេសរដ្ឋបាលឃុំកំពង់ចិនជើង និងបណ្ដាឃុំផ្សេងទៀតក្នុងស្រុកស្ទោង ឱ្យយកចិត្តទុកដាក់ខ្ពស់ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងមានទុក្ខលំបាកនិងគ្រោះអាសន្ន និងងាយរងហានិភ័យដើម្បីជួយសង្គ្រោះពួកគាត់ឱ្យបានទាន់ពេលវេលា។ លោកអភិបាលស្រុកស្ទោង ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះថែរក្សា និងតាមដានសុខភាពព្រមទាំងបរិភោគអាហារប្រកបដោយគុណភាព ស្តង់ដារសុខភាពតាមការណែនាំរបស់គ្រូពេទ្យ និងអ្នកជំនាញសុខាភិបាល។ ត្រូវធ្វើលំហាត់ប្រាណឱ្យបានជាប្រចាំដើម្បីសុខភាពមាំមួន និងយកឈ្នះលើជំងឺផងទាំងពួងបាន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់លើបាតុភូតភ្លៀងផ្គរខ្យល់កន្ត្រាក់ ត្រូវកម្ចាត់ជំរកមូស ត្រូវសម្រាកក្នុងមុងជាប្រចាំ និងចូលរួមថែរក្សាប្រពន្ធលូ កុំបោះសម្រាមចូលក្នុងលូដែលជាឥរិយាបថមិនល្អក្នុងការចូលរួមថែរក្សាបរិស្ថានឱ្យបានស្រស់ស្អាតគ្មានការស្ទះលូ។

ក្នុងឱកាសនោះលោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានឧបត្ថម្ភដល់គ្រួសារទាំង០៤គ្រួសារ ដោយ០១គ្រួសារ ៗទទួលបាននូវ អង្ករ២០គីឡូក្រាម មី០១កេស  ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ និងឃីតមួយកញ្ចប់ផងដែរ។ (សម្រួលដោយអ៊ុម ញុឹប)