(កំពង់ធំ)៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីប្រគេនចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យ ដល់ព្រះសង្ឃចំនួន១៤៨អង្គ គង់នៅវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ក្នុងឱកាសខួបចម្រើនជន្មាយុ ៦០ឆ្នាំឈានចូល៦១ឆ្នាំរបស់ ឯកឧត្តម ងួ រតនៈ អភិបាលខេត្តកំពង់ធំ គាប់ជួនត្រូវនឹងត្រូវថ្ងៃប្រកាសតែងតាំងសមាសភាព រាជរដ្ឋាភិបាលថ្មីនិតិកាលទី០៧នៃរដ្ឋសភាផងដែរ។
ពិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក លោក លោកស្រី ថ្នាក់ដឹកនាំ ប្រធាន អនុប្រធាន និងមន្រ្តីរាជការសាលាខេត្តកំពង់ធំទាំងអស់។
ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ និងលោកជំទាវ រួមទាំងក្រុមការងារ ក៏បានឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះ មាតាបិតា ជីដូនជីតា ញាតិការទាំង ៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខសូមមកទទួលយកមគ្គផលដែលបានឧទ្ទិសជូន តាមរយៈ ព្រះសង្ឃនាពេលនេះ ទៅកាន់ទីឋានបរមសុខ កុំបីខានអាក់ខានឡើយ។
គួរបញ្ជាក់ផងដែរថាទេយ្យវត្ថុ ដែលរដ្ឋបាលខេត្តកំពង់ធំរៀបចំប្រគេនដល់ព្រះសង្ឃគង់នៅវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)រួមមាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ភេសជ្ជៈ ទឹកសុទ្ធ និងបច្ច័យមួយចំនួន ដើម្បីដោះស្រាយការលំបាក ខ្វះខាត ក៏ដូចជារួមចំណែកលើកស្ទួយនូវវិស័យពុទ្ធចក្រ និងអាណាចក្រ ផងដែរ ។