(កំពង់ធំ)÷ មន្ត្រីបច្ចេកទេសជំនាញការរបស់ ក្រសួងបរិស្ថាន បានថ្លែងថា តាមរយៈការប្រឡងប្រណាំងភូមិ/ឃុំមានសុវត្ថិភាព ក្នុងក្របខ័ណ្ឌ លក្ខខណ្ឌសម្បតិទី៦ គឺនឹងបានចូលរួមជួយលើកស្ទួយឱ្យភូមិ/ឃុំ មានសោភ័ណភាព គ្មានសំរាម ធ្វើឱ្យការរស់នៅប្រកបដោយផាសុកភាព មានភាពថ្លៃថ្នូរ ស៊ីវិល័យ ផ្អែកតាមគោលការណ៍ណែនាំរបស់ក្រសួងបរិស្ថាន។មន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងថា ការប្រឡងប្រណាំងធ្វើឱ្យទីប្រជុំជន លំនៅដ្ឋាន ទីផ្សារ ក៏ដូចជាតំបន់ទេសចរណ៍ប្រកបដោយអនាម័យ ដែលជាទីទាក់ទាញវិស័យទេសចរណ៍។
ការថ្លែងយ៉ាងដូចច្នេះ នៅក្នុងពេលដែលមន្ត្រីបច្ចេកទេស និងក្រុមប្រឹក្សាឃុំសាលាវិស័យចុះត្រួតពិនិត្យ និងសង្កេតមើលទីតាំងផ្សេងៗ ដែលមានលក្ខណៈសម្បត្តិទាំង ៦របស់ឃុំសាលាវិស័យ ដើម្បីវាយតម្លៃគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្តិទី៦ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣
លោក ជិន ហ៉ីន មេឃុំសាលាវិស័យ មានប្រសាសន៍ថា កន្លងមករដ្ឋបាលឃុំ បានធ្វើការគ្រប់គ្រងសំរាមតាម ភូមិ/ឃុំ តាមតំបន់រមណីយដ្ឋាន សាលារៀន មណ្ឌលសុខភាព ផ្សារសហគមន៍ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ សួនច្បារសាធារណៈ នៃបណ្តាតាមតំបន់ជាច្រើននៅក្នុងឃុំរបស់ខ្លួន សំដៅកាត់បន្ថយសំណល់រឹង និងតំបន់ខ្លះបានបង្កើតទីលានចាក់សំរាម និងផ្តល់ជាឡដុតសំរាមថែមទៀត។ ជាមួយគ្នានេះដែរ តាមរយៈការអប់រំផ្សព្វផ្សាយបានធ្វើឱ្យពលរដ្ឋយល់ដឹង និងចូលរួមថែរក្សាអនាម័យបរិស្ថានកាន់តែប្រសើរឡើងជាបន្តបន្ទាប់។
ក្នុងការចុះត្រួតពិនិត្យនិងតាមដានវាយតម្លៃ ស្ដីពីការប្រឡងប្រណាំងភូមិ/ឃុំមានសុវត្ថិភាពនេះដែរ ដើម្បីបង្កើនប្រសិទ្ធភាព និងការអនុវត្តនូវគោលនយោបាយ ការប្រឡងប្រណាំង ភូមិ/ឃុំមានសុវត្តិភាពនេះ លោកមេឃុំក៏បានធ្វើការណែនាំក៏ដូចជាផ្តល់អនុសាសន៍ដល់ដៃគូក្នុងការបែងចែកតួនាទី)ភារកិច្ចការងារ និងក៏ដូចជាជំរុញឱ្យមានការផ្សព្វផ្សាយអប់រំដល់ពលរដ្ឋ ដើម្បីឱ្យការអនុវត្តការងារកាន់តែទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត។
ក្នុងនេះដែរលោក សេង សំអាង អភិបាលរងស្រុក ប្រាសាទបល្ល័ង្ក បានលើកបង្ហាញពីគោលនយោបាយ ភូមិ /ឃុំមានសុវត្ថិភាព និងប្រកបដោយប្រសិទ្ធភាពនោះ គេចាំបាច់ត្រូវមានការលើកទឹកចិត្តដូចជា ផ្តល់ជាបណ្ណសរសើរ ផ្តល់ជារង្វាន់ ដល់ភូមិ/ឃុំ ណាដែលបានប្រតិបត្តិល្អ។ អ្នកជំនាញការរបស់ក្រសួងបរិស្ថាន ក៏បានបន្ថែមថាចំណេះដឹង និងព័ត៌មានបរិស្ថានបានបង្ហាញពីលក្ខណៈវិនិច្ឆ័យ និងសូចនាករសម្រាប់វាយតម្លៃ ភូមិ/ឃុំមានសុវត្តិភាពហើយ រួមទាំងនីតិវិធីនិងដំណើរការជ្រើសរើសបេក្ខភាពជ័យលាភី ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែទទួលបានជោគជ័យ។
គួរបញ្ជាក់ថា ក្នុងការតាមដានវាយតម្លៃស្ដីពីការប្រឡង ប្រណាំងភូមិ/ឃុំ មានសុវត្ថិភាពនេះ មន្រ្តីដែលមកពីក្រសួងបរិស្ថាន បានចូលរួមជជែកពិភាក្សាយ៉ាងផុលផុស ត្រូវបាន ចុះតាមដាន សង្កេតមើលជាក់ស្ដែងទៅតាមសូចនាករទាំង ៦ ដែលរដ្ឋបាលឃុំបានរៀបចំចងក្រង និងដាក់បញ្ចូលដើម្បីចូលរួមប្រឡងប្រណាំង ក្នុងគោលនយោបាយ ភូមិ/ឃុំមានសុវត្ថិភាព សម្រាប់ការយកមកអនុវត្តនៃគោលនយោបាយ ការប្រឡងប្រណាំងភូមិ/ឃុំមានសុវត្តិភាព នេះកានត់ែមានប្រសិទ្ធភាពបន្ថែមទៀតនៅថ្ងៃខាងមុខ៕