រដ្ឋបាលស្រុកស្ទោង ណែនាំដល់អ្នកម៉ៅការត្រូវសាងសង់សំណង់ប្រកបដោយគុណភាព តាមបទដ្ឋានបច្ចេកទេសកិច្ចសន្យា និងទាន់ពេលវេលា

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លោក សួគ៌ ប៊ុនធង អភិបាលរងស្រុក តំណាងលោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីព្រមទាំងអ្នកទទួលការសាងសង់ បានអញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់អគារសិក្សា១ខ្នង មាន៥បន្ទប់ នៃសាលាបឋមសិក្សាខ្មាក់ ស្ថិតនៅក្នុងភូមិខ្មាក់ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ជាថវិកាមូលនិធិឃុំសង្កាត់។

ថ្លែងនៅក្នុងពិធីនេះលោក សួគ៌ ប៊ុនធង បានណែនាំ ដល់អ្នកទទួលម៉ៅការសាងសង់ត្រូវធ្វើអគារសិក្សានេះ ទៅតាមបែបបទសំណង់បច្ចេកទេសកិច្ចសន្យា ប្រកបដោយគុណភាព និងទាន់ពេលវេលាដើម្បីធានានៃការប្រើប្រាស់បានយូរអង្វែងទុកជាស្នាដៃជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ នៅក្នុងមូលដ្ឋានតទៅ។

ជាមួយនេះផងដែរលោក សួគ៌ ប៊ុនធង ក៏បានណែនាំដល់ រដ្ឋបាលឃុំចំណារលើ ដែលជាគណៈកម្មការលទ្ធកម្មឃុំ ត្រូវធ្វើការតាមដានត្រួតពិនិត្យរាល់សកម្មភាពសាងសង់របស់ក្រុមហ៊ុនសាងសង់ ដើម្បីធានាបាននូវគុណភាព ប្រសិទ្ធភាពនៃការសាងសង់ កិច្ចសហប្រតិបត្តិការបានល្អនិងសំណង់ប្រកបដោយគុណភាព។

លើសពីនេះលោកអភិបាលរងស្រុកស្ទោង បានជំរុញនិងលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រដោយការយកចិត្តទុកដាក់ទាំងការសិក្សានៅក្នុងសាលារៀនទាំងការសិក្សានៅផ្ទះ ត្រូវធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ ជាទំពាំងស្នងឬស្សីទៅអនាគត ត្រូវនៅឆ្ងាយគ្រឿងញៀន នាំគ្នាគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសឪពុកម្ដាយឬអាណាព្យាបាលត្រូវតាមដានរាល់ការសិក្សារបស់កូនដើម្បីឱ្យកូនចៅរបស់ខ្លួនទទួលបាននូវចំណេះដឹងពិតប្រាកដ។

គួរបញ្ជាក់ផងដែរថាសព្វថ្ងៃនេះសាលាបឋមសិក្សាខ្មាក់មានស្ថិតិសិស្ស÷ ថ្នាក់ទី១ សរុប៤៤នាក់។ សិស្សថ្នាក់ទី២ សរុប៤២នាក់។ សិស្សថ្នាក់ទី៣ សរុប៤១នាក់។ សិស្សថ្នាក់ទី៤ សរុប៣៨នាក់។ សិស្សថ្នាក់ទី៥ សរុប៥៦នាក់
សិស្សថ្នាក់ទី៦ សរុប៤៥នាក់។ សិស្សសរុប២៦៦ ស្រី១៣៩នាក់។ អគារសិក្សាថ្មីនេះធ្វើអំពីថ្ម មានទំហំបណ្តោយប្រវែង៤០ម៉ែត្រ ទទឹង០៩ម៉ែត្រ មាន៥បន្ទប់ អស់ថវិកាប៉ាន់ស្មានសាងសង់ចំនួន៣០៩,០០០,០០០រៀលដែលជាថវិកាមូលនិធិឃុំសង្កាត់ឆ្នាំ២០២៣។