ផ្លូវក្រាលគ្រួសក្រហមប្រវែងជាង ៣គីឡូម៉ែត្រ និងលូ៤កន្លែង ស្ថិតក្នុងឃុំស្រើង ស្រុកប្រាសាទសំបូរ ត្រូវបានបើកការដ្ឋានជាផ្លូវការ

0

កំពង់ធំ:ផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង៣.៧៧០ម៉ែត្រ ទទឹង៥ម៉ែត្រ និងលូ៤កន្លែង ដែលជាគម្រោងមូលនិធិឃុំឆ្នាំ២០២៣ ស្ថិតក្នុងឃុំស្រើង ស្រុកប្រាសាទសំបូរ ត្រូវបានបើកការដ្ឋានជាផ្លូវការនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ លោកស្រី ឱ សុភាព មន្រ្តីបច្ចេកទេសវិនិយោគខេត្ត និងក្រុមការងារថ្នាក់ស្រុក/ឃុំ និងប្រជាពលរដ្ឋចូលរួមជាច្រើនរូប។

ក្នុងឱកាសនោះ លោក ឃីម សុខឃាង បានស្នើដល់អាជ្ញាធរស្រុក និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា ដើម្បីឱ្យប្រទេសរបស់យើងបន្តអភិវឌ្ឍ និងរីកចម្រើនបន្ថែមទៀត។ សូមឱ្យប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ និងរស់នៅអមសងខាងផ្លូវ សូមមេត្តាជួយថែរក្សាផ្លូវឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួម និងការធ្វើដំណើរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចៀសសវាងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងដោយយថាហេតុ។ 

      

លោកអភិបាលស្រុកប្រសាទសំបូរ ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលស្រុកសម្រេចបាន ដែលកើតចេញពីការរួបរួមសាមគ្គីគ្នា រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការទូទាំងស្រុក ពិសេសការចូលរួម និងសហការបានល្អរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់។ ជំរុញឱ្យក្រុមហ៊ុន ដែលទទួកការសាងសង់ត្រូវធានាឱ្យបានតាមបទដ្ឋានបច្ចេកទេស ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់បានយូរអង្វែង ត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវឱ្យបានហ្មត់ចត់បំផុត។

     

ជាមួយគ្នានោះដែរលោកអភិបាលស្រុក ក៏បានបន្តចុះសួសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរស់នៅភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ផងដែរ៕