លោកង៉ោ ម៉េងជ្រួន ជម្រុញឲ្យមេឃុំថ្មីនៃឃុំម៉ាឡៃពង្រឹងការងារនិងផ្តល់សេវាសាធារណ:ជូនពលរដ្ឋបានល្អប្រសើរ

0

ដោយ៖ឃិន គន្ធា
បន្ទាយមានជ័យ៖ លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានក្រុមប្រឹក្សានិងជាមេឃុំ ជំទប់ទី១ និងសមាជិកក្រុមប្រឹក្សាឃុំម៉ាឡៃ ស្រុកម៉ាឡៃ កាលពីថ្ងទី២៤ខែសីហាឆ្នាំ២០២៣ ដែលពិធីធ្វើនៅសាលាឃុំម៉ាឡៃ ស្រុកម៉ាឡៃថា៖រដ្ឋបាលខេត្ត ជម្រុញអោយមេឃុំថ្មីនៃឃុំម៉ាឡៃពង្រឹងការងារនិងផ្តល់សេវាសាធារណ:ជូនពលរដ្ឋអោយបានល្អបន្ថែមទៀត។

ពិធីនោះមានការចូលរួមដោយសមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន / អនុប្រធានមន្ទីរ ប្រធានក្រុមប្រឹក្សាស្រុក / សមាជិក អភិបាលរងស្រុក មន្ត្រីរាជការ កងកម្លាំង សង្គមស៊ីវិល ផ្នែកឯកជននិងភ្ញៀវជាច្រើន ។

លោកថោង ច័ន្ទរឹទ្ធី នាយករងរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យបានអានប្រកាសស្តីពីការផ្លាស់ប្តូរនិងទទួលស្គាល់ប្រធានក្រុមប្រឹក្សានិងជាមេឃុំម៉ាឡៃ ។
ក្នុងនោះ ត្រូវបានផ្លាស់ប្តូរប្រធានក្រុមប្រឹក្សាឃុំនិងជាមេឃុំម៉ាឡៃពីលោកឌឹម សុខ ដែលទទួលមរណភាពមកលោកស្រីខឹម ខេង ជំនួស ។ លោកគង់ វ៉ណ្ណថេង ឡើងជាជជំទប់ទី១ ជំនួសលោកស្រីខឹម ខេង និងលោកប៉ែន សៀង ជាសមាជិកក្រុមប្រឹក្សាឃុំជំនួសលោកគង់ វណ្ណថេង ។

លោកស្រីខឹម ខេង ប្រធានក្រុមប្រឹក្សាឃុំនិងជាមេឃុំម៉ាឡៃនិងសហការីបានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញភារកិច្ចអោយបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។ ហើយបម្រើសេវារដ្ឋបាលនិងសេវាសាធារណ:ជូនប្រជាពលរដ្ឋនិងមហាជនអោយបានស្របតាមសំណូមពរ ។

លោកង៉ៅ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យក្នុងនាមរដ្ឋបាលខេត្តនិងលោកអភិបាលខេត្តបានសម្តែងសមានចិត្តចំពោះមរណភាពរបស់លោកឌឹម សុខ មេឃុំចាស់ថាជាការបាត់បង់មន្ត្រីនិងធនធានមនុស្សដ៏ល្អនិងសំខាន់ម្នាក់ ។

លោកង៉ោ ម៉េងជ្រួន បានស្នើអោយលោកស្រី លោកដែលទើបទទួលការតែងតាំងថ្មីត្រូវបន្តរួបរួមសាមគ្គីនិងសហការជាមួយអ្នក/អង្គភាពពាក់ព័ន្ធ យកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចចំពោះមុខធំចំនួនពីរជាចម្បង ក្នុងនោះមាន : ទី១-ត្រូវរួមគ្នាអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុច ។ទី២- ត្រូវយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនដោយផ្អែកតាមសេចក្តីណែនាំលេខ០១៨ សណនចុះថ្ងៃទី១៣ខែឧសភាឆ្នាំ២០២២ ស្តីពីបែបបទនិងនិតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ ៕