ឯកឧត្តម ងួន រាសី ដឹកនាំក្រុមការងារថ្នាក់ចុះត្រួតពិនិត្យរោងចក្រកែច្នៃក្តារបន្ទះ

0

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានដឹកនាំក្រុមការងារខេត្ត មានទីចាត់ការអន្ដរវិស័យ មន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី និងឃុំទាំង៣ពាក់ព័ន្ធ បានចុះត្រួតពិនិត្យការធ្វើអាជីវកម្មរ៉ែ សិប្បកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្មហើយក្រុមការងារបានចុះត្រួត ពិនិត្យរោងចក្រកែច្នៃក្តារបន្ទះ នៅភូមិស្រឡៅតូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជាមួយនេះដែរ ឯកឧត្តម ងួន រាសី ប្រធានក្រុមការងារបានជួបសំណេះសំណាលជាមួយលោកតំណាងក្រុមហ៊ុនវិនិយោគទុនមកពីប្រទេសចិន វិនិយោគលើវិស័យឧស្សាហកម្ម ដែលទទួលបានប្រកាសបង្កើតរោងចក្រ និងវិញ្ញាបនបត្រអនុញ្ញាតិដំណើររោងចក្រកែច្នៃក្តារបន្ទះ ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីប្រកបអាជីវកម្មឱ្យ មានគុណភាព និងគោរពគោលការណ៍ច្បាប់បានច្បាស់លាស់។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានចុះពិនិត្យផ្ទាល់ពីរោងចក្រនេះប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក៨០% ក្រៅស្រុក២០% (កម្មករពី៦០០នាក់ ទៅ៧០០នាក់)។ បន្ទាប់ចប់ពីចុះត្រួតពិនិត្យខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រកែច្នៃក្តារបន្ទះនេះរួចមក។ ឯកឧត្តម ងួន រាសី បានដឹកនាំក្រុមការងារបន្តជួបសំណេះសំណាលជាមួយលោក ស្រ៊ុន ហេងងន់ ទីតាំងការដ្ឋានអាជីវកម្មរ៉ែថ្ម ម៉ាស៊ីនកិនថ្ម ភូមិវាលធំ ឃុំគគីរធំ ស្រុកបារាយណ៍ និងសំណេះសំណាលជាមួយលោក កូវ គឹមលាង ទីតាំងការដ្ឋានអាជីវកម្មរ៉ែ ម៉ាស៊ីនកិនថ្ម ភូមិលាវ ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងការផលិតទៅតាមបច្ចេកទេសនៃរោងចក្រកិនថ្មនីមួយៗ ។