ប្រធានក្រុមការងារចុះជួយស្រុកឆែប បាននាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅឧត្ថម្ភប្រជាពលរដ្ឋក្រីក្រជាង ២០គ្រួសារ នៅក្នុងស្រុកឆែប

0

ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា​ប្រធាន​ក្រុមការងារថ្នាក់ខេត្ត​ ចុះជួយស្រុកឆែប លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័កត្រា ​ នៅថ្ងៃទី៦កញ្ញានេះ បានអញ្ជើញដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ​បណ្ឌិត​ ពេជ​ ចន្ទ​មុន្នី​ ហ៊ុន​ ម៉ាណែត ចែកជូនដល់ដៃប្រជាពលរដ្ឋ ដែលជាដូនចាស់ជរា មានជីវភាពក្រីក្រ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ ដែលលោកតា លោកយាយ ដូនចាស់ជរា និងប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានស្រុកឆែប បានគាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានសម្លេងឆ្នោតលើសលុប នៅក្នុងនីតិកាលទី៧នេះ។

អំណោយដែលត្រូវចែកជូន ប្រជាពលរដ្ឋក្រីក្រ ២៣គ្រួសារនៅក្នុងពេលនោះ ដោយក្នុង​មួយគ្រួសារ​ៗ​ទទួល​បាន​ អង្ករ​ ៣០គីឡូក្រាម​ ,មី​ ១កេស​ ,ទឹកត្រី​ ១យួរ​ ,ត្រីខកំប៉ុង​ ១យួរ​ ,ភួយ​ ១​ និងថវិការមួយចំនួនទៀត ផងដែ​រ។

​ប្រធាន​ក្រុមការងារថ្នាក់ខេត្ត​ ចុះជួយស្រុកឆែប លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័កត្រា មានប្រសាសន៍ ពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចអតីតយុទ្ធជនកម្ពុជា នៅទូទាំងប្រទេស ដែលកំពុងជួបប្រទះនូវការខ្វះខាតលើជីវភាពរស់នៅប្រចាំថ្ងៃ ជាប់ជាប្រចាំ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័កត្រា បានថ្លែង ដោយសម្តែងការអរគុណជាពន្លឹក ចំពោះប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងដូនចាស់ជរា ដែលតែងមានចិត្តស្មោះស្ម័គ្រ គាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ឲ្យឈ្នះដាច់ និងទទួលបានសម្លេងឆ្នោតយ៉ាងលើសលប់ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ញ៉ាំងឲ្យគណបក្សប្រជាជនកម្ពុជា អាចបង្កើតរាជរដ្ឋាភិបាល បានយ៉ាងរលូន ដែលបច្ចុប្បន្ន មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័កត្រា បានថ្លែង ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក៏ដូចសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាទាំងអស់ក្នុងខេត្ត ត្រូវខិតខំថែរក្សាសុខភាពឲ្យបានល្អ  ពេលគេងត្រូវដាក់មុង ត្រូវហូបស្អាត ផឹកស្អាត និងត្រូវមើលថែកូនតូចៗ កុំឲ្យចុះលេងទឹក ព្រោះត្បិតរដូវនេះជារដូវវស្សា ដែលមានការធ្លាក់ភ្លៀងយ៉ាងជោគជាំ ក្រែងជូបគ្រោះថ្នាក់ជាយថាហេតុណាមួយ កើតឡើងដោយមិនដឹងខ្លួន៕ដោយ៖ឡុង សំបូរ