ថ្នាក់ដឹកនាំកងទ័ពជើងគោក អញ្ជើញបំពាក់ឋានន្តរសក្តិ ថ្នាក់ឧត្តមសេនីយ៍ និងគ្រឿងឥស្សរិយយស ថ្នាក់មហាសេរីវឌ្ឍ ជូនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហួត ឈាង បានអញ្ជើញបំពាក់ឋានន្តរសក្តិ ថ្នាក់ឧត្តមសេនីយ៍ត្រី និងគ្រឿងឥស្សរិយយស ថ្នាក់មហាសេរីវឌ្ឍ ជូនលោកវរសេនីយ៍ឯក តន ឆៃ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង នៃយោធភូមិភាគទី១ ។

ពិធីនោះ បានធ្វើឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដែលមានការអញ្ជើញចូលរួមពី មេបញ្ជាករការយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ លី សារ៉ារិទ្ធ ,ប្រធានសាលាដំបូងខេត្ត ប្រធានអយ្យការខេត្ត នាយទាហានយោធភូមិភាគ១ ,នាយទាហានតំបន់សឹករងស្ទឹងត្រែង អង្គភាពចំណុះតំបន់សឹករងស្ទឹងត្រែង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ស្នងការរងនគរបាលខេត្ត ប្រធាន និងអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តស្ទឹងត្រែង ផងដែរ។

លោកវរសេនីយ៍ឯក តន ឆៃ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ត្រូវបានរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក ផ្តល់ទំនុកចិត្ត តម្លើងឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ត្រី និងគ្រឿងឥស្សរិយយស ថ្នាក់មហាសេរីវឌ្ឍ ដែលមានស្នាដៃក្នុងកិច្ចការងារការពារជាតិ និងបម្រើប្រជាពលរដ្ឋ៕ដោយ៖ឡុង សំបូរ