ខេត្តកែបរៀបចំព្រឹត្តិការណ៍រត់អបអរខួបលើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ

0

សេង ណារិទ្ធ
ខេត្តកែប: ព្រឹត្តិការណ៍រត់អបអរខួបលើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣ ៩ វិច្ឆិកា ២០២៣ ត្រូវបានធ្វើនៅលើទឹកដីខេត្តកែប នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ការរត់បែបនេះនេះ រដ្ឋបាលខេត្តកែបអនុញ្ញាតអោយក្រុមយុវជន Run with Sai រៀបចំព្រឹត្តិការណ៍ “ទីកែប រត់អបអរបុណ្យឯករាជ្យជាតិ” ឬហៅថា “KEP Sea-Mountain Run” ដែលត្រូវបានរៀបចំឡើងនៅលើសួនសម្តេចតេជោ វិមានឯករាជ្យ ខេត្តកែប។

លោក ម៉ម បឋម ហៅសាយ ជាប្រធានដឹកនាំក្រុម Run With Sai បានបញ្ជាក់ថា ព្រឹត្តិការណ៍ “ទី កែប រត់អបអរសាទរបុណ្យឯករាជ្យជាតិ” “KEP SEA-MOUNTAIN RUN” គឺជាព្រឹត្តិការណ៍ រត់ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លេីកទី ៧០ឆ្នាំ បុណ្យឯករាជ្យជាតិ រំលឹកនូវ គុណូបការៈ ដ៏ថ្លៃថ្លាឧត្តុង្គឧត្ដម ក្នុងព្រះរាជបូជនីយកិច្ចទាមទារ មកវិញនូវឯករាជ្យពេញបរិបូរណ៌ ពីសំណាក់ អាណាព្យាបាលបារំាង ក្រោមស្នាព្រះហស្ថ ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងឥស្សរជនខ្មែរជំនាន់មុន។ លោក សាយ បន្ថែមថា ព្រឹត្តិការណ៍នេះត្រូវបានបែងចែកជា បីក្រុមគឺ ក្រុមទី១រត់ចំងាយ ២១គីឡូម៉ែត្រ ក្រុមទី២ រត់ចំងាយ១០គីឡូម៉ែត្រ និងក្រុមទី៣ រត់ចំងាយ៥គីឡូម៉ែត្រ។

ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត សោមពិសិដ្ឋ បានផ្តល់វត្ថុអនុស្សាវរីយ៍ជូនកីឡាករជ័យលាភីក្នុងឱកាសនោះ ហើយលោកក៏បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមការងារ Run With Sai ដែលបានបង្កើតព្រឹត្តិការណ៍ទីកែប រត់អបអរបុណ្យឯករាជ្យជាតិនេះ នៅលើកទឹកដីខេត្តកែប ។ ឯកឧត្ដម បានចាត់ទុកព្រឹត្តិការណ៍នេះពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយ នូវសក្តានុពលទេសចរណ៍ខេត្តកែប ព្រោះកីឡាករដែលបានចូលរួម អញ្ជើញមកពីបណ្ដាខេត្តនានាទូទាំងប្រទេស និងមានកីឡាករបរទេស ជាពិសេសក៏មានវត្តមានអញ្ជេីញចូលរួមពីសំណាក ឯកឧត្ដម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកផងដែរ ដែលនេះ បង្ហាញពីការរៀបចំសន្តិសុខ សណ្តាប់បានល្អប្រសើរនៅទូទាំងប្រទេសក្រោមដំបូលនៃសន្តិភាព។ ឯកឧត្តមសង្ឃឹមថា នឹងមានព្រឹត្តិការណ៍កីឡាមហាជនដូចគ្នានេះ បន្តទៀតនៅលើទឹកដីខេត្តកែប៕