ខេត្តសៀមរាប : ពិតជាគួរឲ្ររន្ធត់ និងសោកស្តាយបំផុត ព្រោះត្បិតមានមនុស្ស ៦នាក់បានស្លាប់ ក្នុងនោះស្រី ២នាក់ និងរងរបួសធ្ងន់ស្រាល ១៦នាក់ ក្នុងនោះស្រី ១០នាក់ , ដោយសារ
រថយន្តរអិលធ្លាក់ពីលើភ្នំគូលែន នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប។
អធិការស្រុកស្វាយលើ លោកវរសេនីយ៍ យឹប យ៉ុងឈាង បានឲ្យដឹងថា នៅវេលាម៉ោងជាង ៤រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានរថយន្តរបស់ក្រុមឆៃយ៉ាំ ដែលមកពីបុណ្យកឋិន នៅវត្តលើភ្នំគូលែន បានធ្លាក់ចេញពីផ្លូវដែលមានចំណោទខ្លាំង បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ៦នាក់ និងរងរបួសធ្ងន់ ស្រាល ១៦នាក់។
អត្តសញ្ញាណជនរងគ្រោះចំនួន ៦នាក់ ដែលស្លាប់ក្នុងហេតុការណ៍រថយន្តធ្លាក់ពីលេីភ្នំគូលែន នៅចំណុចទឹករុន ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាបរួមមានទី ១. ឈ្មោះ ឡុច ខឿ ២. ឈ្មោះ បេង សឿត ៣. ឈ្មោះ លម សឿយ ៤. ឈ្មោះ ឆយ ឆង ៥. ឈ្មោះ យន់ ឡន ៦. ឈ្មោះ ភិន សឿត ។
ជនរងគ្រោះទាំង ៦នាក់ ជាអ្នកនៅស្រុកក្រឡាញ់។
លោកអធិការបានបញ្ជាក់ថា ក្រោយហេតុការណ៍ អ្នករងគ្រោះត្រូវបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕





































