ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរមកកម្សាន្ត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាង៣០ម៉ឺននាក់

0

សៀមរាប: យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ភ្ញៀវទេសចរចូលមកទស្សនាខេត្តសៀមរាប ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មានចំនួនប្រមាណ ៣០៤,២៦១ នាក់ មានការកើនឡើងប្រមាណ ១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ២៧៦,៥៩២ នាក់ ក្នុងនោះ៖ភ្ញៀវទេសចរបរទេសមានចំនួន ១៤,២៦១ នាក់ មានការថយចុះចំនួន ៤៦.៣៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ចំនួន២៦,៥៩២នាក់។ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៩០,០០០ នាក់ មានការកើនឡើងប្រមាណ១៦%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួនប្រមាណ ២៥០,០០០ នាក់ ក្នុងនោះ ៖ តំបន់រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ១៤៧,០០០ នាក់ រមណីយដ្ឋានភ្នំគូលែន មានចំនួនប្រមាណ ៨,០០០ នាក់។ ដងស្ទឹងសៀមរាប មានចំនួនប្រមាណ ១១០,០០០ នាក់ នៅតាមសហគមន៍ទេសចរណ៍មានចំនួនប្រមាណ ២៥,០០០ នាក់។
ដើម្បីអបអរសាទព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូជាចូលរួមការថែរក្សាវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ រដ្ឋបាលខេត្តសៀមរាប ក៏បានប្រារព្ធកម្មវិធីប្រណាំងទូក-ង នៅស្ទឹងសៀមរាបរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ជាមួយនេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជន កម្ពុជាខេត្តសៀមរាប សហព័ន្ធតុនខ្មែរ បានរៀបចំកម្មវិធីកម្សាន្តផ្សេងៗ ដូចជា កម្មវិធីជិះទូកកម្សាន្ត កម្មវិធីទស្សនាផ្សារទឹក ពិព័រណ៍ម្ហូបអាហារ ល្បែងកម្សាន្តតំបន់ធ្លាក់ទឹក ការប្រគំតន្ត្រី និងប្រដាល់ “គុនខ្មែរ” លំដាប់អន្តរជាតិ រួមជាមួយកម្មវិធីសប្បាយជាច្រើនទៀត ដែលបានបង្កឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមជាមួយប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ជួបជុំគ្នាលេងសប្បាយរីករាយ៕