អតីតយុទ្ឋជនពិការ និងជនពលី នៅស្រុកតាំងគោក ដែលមានជីវភាពលំបាកខ្វះខាត១២គ្រួសារ បានទទួលអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  និងសហការីទៅសំណេះសំណាលសាកសួរសុខទុក្ខនិងបាននាំយកអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជ និងលោក ជំទាវបណ្ឌិត ទៅឧបត្ថម្ភជូនអតីតយុទ្ធជនពិការ និង គ្រួសារអតីតយុទ្ធជនពលីចំនួន១២គ្រួសារ ដែលកំពុងមានជីវភាពលំបាកខ្វះខាត នៅឃុំអណ្តូ៍ងពោធិ៍  ស្រុកតាំងគោក ខេត្តកំពង់ធំ  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ព្រោះបងប្អូនអតីតយុទ្ធជន គឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងបានរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។ ជាមួយនេះដែរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត លោកបានជូនពរដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ សូមបានប្រកបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារកុំបីអាក់ខានឡើយ   ។

ឧត្តមសេនីយ៍ទោ បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជន និងគ្រួសាអតីតយុទ្ធជនពលីទាំងអស់ ត្រូវ ខិតខំថែទាំសុខភាព រស់នៅស្អាតមានអនាម័យ ដើម្បីជៀសផុតពីជំងឺដង្កាត់ផ្សេងៗ និងត្រូវខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់ក្រុមគ្រួសារនីមួយៗ  និងត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ពិសេសរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឱ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត។

នៅក្នុងឱកាសសាកសួរសុខទុក្ខនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវអំណោយស្បៀងអាហារគ្រឿង ឧបភោគបរិភោគ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាតចំនួន១២គ្រួសារ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ដោយក្នុង១គ្រួសារទទួលបាននូវ អង្ករ÷២៥គីឡូក្រាម មីជាតិ០១កេស ទឹកស៊ីអ៊ីវ០១យួរ និងត្រីខកំប៉ុង០១យួរផងដែរ ។

បងប្អូនអតីតយុទ្ធជន និងគ្រួសាអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាតទាំងអស់ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម  ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានជួយដោះស្រាយការលំបាក ជូនពួកគាត់បានទាន់ពេលវេលា និងសូមគោរពជូនពរសម្ដេច លោកជំទាវ និងក្រុមការងារទាំងអស់ សូមទទួលបាននូវពុទ្ឋពរទាំងឡាយបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕