ខណ្ឌរដ្ឋបាលជលផល បញ្ជូនជនសង្ស័យនេសាទត្រីល្មើសច្បាប់ ៨នាក់ទៅតុលាការខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលជលផលខេត្តស្ទឹងត្រែង នៅថ្ងៃទី១ធ្នូនេះ បានបញ្ជូនជនសង្ស័យ ៨នាក់ ដែលចូលនេសាទនៅក្នុងតំបន់អភិរក្សត្រីមេពូជ ទៅតុលាការខេត្តស្ទឹងត្រែង ក្រោយកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតក្នុងភូមិសាស្ត្រ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

នាយខណ្ឌរដ្ឋបាលជលផលស្តីទីខេត្តស្ទឹងត្រែង លោក ដេត ចំណាន បានប្រាប់ឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង ៨នាក់ខាងលើ បានធ្វើឡើងនៅរយៈពេលពីរថ្ងៃបន្តបន្ទាប់គ្នា គឺនៅថ្ងៃទី២៧-២៨ខែវិច្ឆិកា២០២៣ កន្លងមកថ្មីៗនេះ  ជាមួយនឹងការដកហូតបានវត្ថុតាង  រួមមាន៖ ទូកឈើ ៣គ្រឿង-ទូកស្មាច់ ១គ្រឿង- ម៉ាស៊ីន២៥សេស ២គ្រឿង ម៉ាស៊ីន ២០សេស ២គ្រឿង-សន្ទូចរនង៣ពាន់ផ្លែ-មងបណ្តែត ២៥០០ម៉ែត្រ ស្មើ ២៧ត្បូង-រួមនឹងត្រីចម្រុះ ៣៤គីឡូក្រាមផងដែរ។

លោក ដេត ចំណាន បានបន្តថា ក្រោយការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង ៨នាក់ នោះមក នៅថ្ងៃទី១ធ្នូ២០២៣នេះ មន្ត្រីជំនាញ នៃខណ្ឌរដ្ឋបាលជលផលខេត្ត បានបញ្ជូនក្រុមអ្នកនេសាទ ដែលតែងតែសហការ ឃុបឃិតគ្នា ជាមួយនឹងប្រជាសហគមន៍ លួចធ្វើនេសាទខុសច្បាប់ នៅក្នុងអន្លង់អភិរក្សត្រីមេពូជ ក្នុងអាងទំនប់វ៉ារីអគ្គិសនីសេសានក្រោម២ នៅក្នុងភូមិសាស្ត្រខាងលើ។

លោក ដេត ចំណាន បានបញ្ជាក់ថា នៅក្នុងការប្រព្រឹត្តបទល្មើសនេសាទនេះ កម្លាំងគណៈបញ្ជាការឯកភាពស្រុកសេសាន និងក្រោមការដឹកនាំបញ្ជាពី ព្រះរាជអាជ្ញាអមសសាលាដំបូងខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្ថ  បានចុះស្រាវជ្រាវដោយកំណត់បាននូវមុខសញ្ញា ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ៩នាក់ ក្នុងនោះមានក្មេងប្រុសម្នាក់ អាយុ១៣ឆ្នាំ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ។ ចំណែក ជនសង្ស័យ ៨នាក់ទៀត ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

នាយខណ្ឌរដ្ឋបាលជលផលស្តីទីខេត្តស្ទឹងត្រែង លោក ដេត ចំណាន​ បានបញ្ជាក់ទៀតថា តំបន់អភិរក្សមេពូជត្រីនេះ រដ្ឋបាលជលផល និងខណ្ឌជលផលខេត្តស្ទឹងត្រែង រួមជាមួយអាជ្ញាធរមានសមត្ថកិច្ច តែងបានធ្វើការផ្សព្វផ្សាយច្បាប់ ហាមឃាត់ មិនឲ្យចូលធ្វើនេសាទនោះទេ តែក្រុមទាំងនេះ បានឃុបឃិតគ្នាជាមួយប្រជាសហគមន៍ ជាថ្នូរនឹងការសូកប៉ាន់លុយកាក់ ចូលទៅធ្វើនេសាទដោយខុសច្បាប់៕ដោយ៖ឡុង សំបូរ