ឯកឧត្តម ជា វ៉ាន់ចាន់ អញ្ជើញចូលរួមក្នុងកម្មវិធីខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៣)

0

កំពង់ធំ÷ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ អមដំណើរដោយលោក សៀង ម៉ាប់ អភិបាលរងស្រុកប្រាសាទបល្ល័ង្ក ក្រុមការងារថ្នាក់ស្រុក/ឃុំ កងកម្លាំងទាំងបី លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ បានអញ្ជើញចូលរួម អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ស្ថិតនៅវត្តក្រយា ក្នុងភូមិក្រយាជើង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ជា វ៉ាន់ចាន់មានប្រសាសន៍ថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះថារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត គឺជាបុព្វការីដ៏មានគុណបំផុត។ ព្រោះថារណសិរ្សនេះហើយដែលនាំមកនូវមហាជ័យជំនះ ៧មករា ដែលបានសង្គ្រោះជីវិត ប្រជាជនកម្ពុជាឱ្យឱ្យរួចផុតពីសេចក្ដីស្លាប់ និងបានរស់នៅក្នុងកិត្តិយស សេចក្ដីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើន សម្បូរសប្បាយ និងសិទ្ធិសេរីភាពយ៉ាងទូលំទូលាយ ប្រកបដោយសេចក្តីសង្ឃឹម និងភាពញញឹមស្រស់ស្រាយគ្រប់ពេល និងគ្រប់ទីកន្លែង។

ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ មានប្រសាសន៍បន្តទៀតថា ដើម្បីជាសក្ខីភាពនៃការដឹងគុណចំពោះបុព្វការី និងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺចងចាំជានិច្ចដោយចាត់ទុក រណសិរ្ស២ធ្នូ គឺជាបុព្វការីដ៏មានគុណបំផុតរបស់យើងទាំង អស់គ្នា។ រួមរស់ក្រោមទង់បក្ស រាជរដ្ឋាភិបាល និងរណសិរ្ស ដើម្បីថែរក្សា ការពារ សុខសន្តិភាព និងការអភិវឌ្ឍន៍របស់សង្គមជាតិ។ រក្សាឧត្តមគតិស្នេហាជាតិ និងការបង្រួបបង្រួមជាតិរបស់អគ្គស្ថាបនិករណសិរ្ស២ធ្នូ។ ជំរុញបង្កើនសមាជិក សមាជិការណសិរ្ស និងបំផុសចលនាមហាជនឱ្យគាំទ្រ គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ត្រូវ លើកកំពស់ស្មារតីថែរក្សាសុខសន្តិភាព សាមគ្គីភាព ប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សាភ្ជាប់ជាមួយប្រជាជន បម្រើប្រជាជនឱ្យអស់កំលាំងកាយចិត្ត។ បំផុសចលនាសមាជិក សមាជិការណសិរ្ស ទប់ស្កាត់ឱ្យបានដាច់ខាតនូវរាល់សកម្មភាព ទាំងឡាយ ដែលនាំឱ្យបាត់បង់សុខសន្តិភាព និងការអភិវឌ្ឍ។ ពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អ ជាមួយបណ្តា ប្រទេសជាមិត្តទាំងក្នុងតំបន់ និងសកលលោក ។ គោរព និងចូលរួមអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ គាំទ្រ និងរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប