ឯកឧត្តម គីម រិទ្ធី ៖ ការផ្តល់ឈាមជាប្រភពឈាមតែមួយ ប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យ ក្នុងការ យកទៅជួយ សង្គ្រោះអាយុជីវិតជនរងគ្រោះទូទៅ ដែលមានតម្រូវការឈាម.!

0

ព្រះវិហារ៖ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានលើកឡើងថា ការផ្តល់ឈាមដោយស្ម័គ្រចិត្ត គឺជាប្រភពឈាមតែមួយគត់ ដែលអាចផ្តល់ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្តព្រះវិហារ ក្នុងការយកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះទូទៅ ដែលបណ្តាលមកពីកត្តាផ្សេងៗ ជាច្រើនដែលពួកគាត់មានតម្រូវការឈាម ។

ឯកឧត្តម គីម រិទ្ធី លើកឡើងបែបនេះ ក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់ ដែលពិធីនេះបានប្រារព្ធធ្វើឡើង ក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។ ក្រោមការចូលរួមពីសំណាក់ អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ រួមនិងយុវជនសហភាព សហព័ន្ធយុវជនកម្ពុជា ព្រមទាំងកងកម្លាំងជាច្រើនរូបទៀត ។

ឯកឧត្តម បានបញ្ជាក់បន្តថា ការផ្ដល់ឈាម ជាប្រធានបទមួយក្នុងយុទ្ធនាការ បរិច្ចាកឈាមវិលជុំ នៅតាមបណ្ដាក្រុង-ស្រុកទូទាំងខេត្តព្រះវិហារ។ ក្នុងគោលបំណងដើម្បីរួមចំណែក ក្នុងការបំពេញតម្រូវការ ឈាមទៅដល់មន្ទីរពេទ្យបង្អែក១៦មករា ដែលបាននិងកំពុងមានបញ្ហាប្រឈមកង្វះឈាម ដើម្បីជួយ សង្រ្គោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមចាំបាច់ជារៀងរាល់ថ្ងៃ ។

ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក៏បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែង អំណរគុណ ចំពោះវត្តមានកងកម្លាំងទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្ត ក្នុងការបរិច្ចាគ ឈាម នាពេលនេះ ដែលជាផ្នែកមួយនៃការលើកកម្ពស់ វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់ ។

ជាមួយនេះ យុទ្ធនាការបរិច្ចាកឈាមដើម្បីសង្រ្គោះជីវិតថ្ងៃនេះ គឺជាប្រធានបទដ៏មាន អត្ថន័យ សម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់២គឺ ទី១.បង្កើតទម្លាប់ និង វប្បធម៌ នៃការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត និងជម្រុញ លើកកម្ពស់ឲ្យយុវជនប្រជាជនទូទៅចូល រួម ធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឲ្យមានការផ្គត់ ផ្គង់ ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយ គ្មានការរើសអើង ទី២.ផ្សារភ្ជាប់សកម្មភាព នៃការបរិច្ចាកឈាមដោយស្ម័គ្រចិត្តទៅនឹងសកម្ម ភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម ៕ សួន លីណា