ពិធីផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ក្រោមប្រធានបទ(ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទីក) 

0

កំពង់ធំ÷ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានសហការជាមួយមន្ទីរបរិស្ថានខេត្តកំពង់ធំ ដឹកនាំដោយលោក សៀង ប៊ុនស និងមន្ត្រីបរិស្ថានខេត្ត ព្រមទាំងលោកនាយកសាលាលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនអ្នក បានចូលរួមក្នុងពិធីផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ក្រោមប្រធានបទ(ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទីក)ដល់គ្រឹះស្ថានសិក្សាចំនួន០២ គឺសាលាបឋមសិក្សាសំព្រោជ ក្នុងស្ទោង និងសាលាបឋមសិក្សាស្វាយភ្លើង ក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ ។ក្នុងពិធីនេះដែរមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមសរុប៩១៦នាក់ ស្រី៤៧៧នាក់ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

ក្រោមការសម្របសម្រួលរបស់លោក សៀង ប៊ុនស និងមន្ត្រីបរិស្ថានខេត្តនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ បានរៀបចំកម្មវិធីផ្សព្ទផ្សាយការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ក្រោមប្រធានបទ(ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទីក) ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងគោលបំណងបង្កើនការយល់ដឹង និងជួយផ្សព្វផ្សាយបន្តអំពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ព្រមទាំងជំរុញសិស្សានុសិស្សឱ្យមានការប្ដេជ្ញាខ្ពស់ចូលរួមអនុវត្ត ដើម្បីកាត់បន្ថយការប្រើប្រាសថង់ប្លាស្ទីក  ឆ្ពោះទៅសហគមន៍ស្អាត និងបៃតង។

លោក សៀង ប៊ុនស បានផ្ដាំផ្ញើដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមចូលរួមយកចិត្តទុកដាក់បំផុតចំពោះការទុកដាក់សំរាមឲ្យមានសណ្ដាប់ធ្នាប់ល្អ មានអនាម័យ និងមានកន្លែងទុកដាក់ត្រឹមត្រូវ ចៀសវាងការចម្លងមេរោគដល់ក្រុមគ្រួសារ។ ពិសេសគឺត្រូវចេះវេចខ្ចប់ប្រកបដោយការទទួលខុសត្រូវខ្ពស់នៅក្នុងក្រុមគ្រួសារ ព្រោះសំរាមជាពិភពមេរោគ និងងាយចម្លងដល់មនុស្ស សត្វគ្រប់ប្រភេទផងដែរ៕ ដោយនិរន្តរ៏