​ពិធី​សម្ពោធ​អគារសិក្សា​និង​បណ្ណាល័យ​ចល័ត នៅ​សាលាបឋមសិក្សា​រលួស​

0

ខេត្តសៀមរាប៖ ​អគារសិក្សា ១​ខ្នង មាន​៥​បន្ទប់ ធ្វើ​អំពី​ថ្ម ប្រក​ក្បឿង និង បណ្ណាល័យ​ចល័ត ស្ថិតនៅក្នុង​សាលាបឋមសិក្សា​រលួស ឃុំ​រលួស ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​IWC SCHAF FHAUSEN អង្គការ ស៊ី​ប៉ា និង មូលនិធិ យុវជន ត្រូវបាន​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​រសៀល​ថ្ងៃទី​០៧ ខែ មីនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​របស់​ឯ​.​ឧ ម៉ៅ វុ​ឌ្ឍី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម ពី​សំណាក់ អស់ លោក លោក ស្រី ជា​អាជ្ញាធរ​ស្រុក ឃុំ ម្ចាស់​សប្បុរសជន និង លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង​ប្រជាពលរដ្ឋ​ផងដែរ ។ ​

ក្នុង​កិច្ច​ស្វាគមន៍​របស់លោក ភូ សំអាត អភិបាល​នៃ​គណៈ​អភិបាលស្រុក​ប្រាសាទបាគង បាន​លើកឡើងថា អគារសិក្សា​ដែល​បាន​បើកសម្ពោធ​នាពេលនេះ ស្របទៅនឹង​គោលដៅ​សហសវត្ស ក្នុង​ឆ្នាំ​២០១៥ ទើប​អង្គការ​ស៊ី​ប៉ា បាន ផ្តល់​អគារសិក្សា និង បណ្ណាល័យ​ចល័ត បន្ថែម​ដល់​សម្រាប់​បម្រើ​ដល់​សិស្សានុសិស្ស​ក្នុង​ឃុំ​រលួស​ផងដែរ ។

​តាម​សេចក្តីរាយការណ៍​របស់​លោកនាយក​សាលាបឋមសិក្សា​រលួស បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​សិក្សា​២០១៣.២០១៤ មាន​សិស្ស​ចូលមក​សិក្សា សរុប ១​ពាន់​៩០​នាក់ ស្រី ៥២៨​នាក់ ចែកចេញជា ២៧​ថ្នាក់ ថ្នាក់​បឋម ២៣​ថ្នាក់ និង ម​ត្តេ​យ្យ សិក្សា ៤​ថ្នាក់ ។ ចំពោះ​ការសាងសង់​អគារ​ថ្មី​១​ខ្នង ៥​បន្ទប់ និង ជួសជុល​អគារ សិក្សា និង​បំពាក់គ្រឿងសង្ហារឹម ព្រមទាំង​ពង្រីក​បណ្ណាល័យ និង បំពាក់​សៀវភៅ ឯកសារ ទុក​ក្នុង​បណ្ណាល័យ របស់ អង្គការ​ស៊ី​ប៉ា ដោយ​ចំណាយ​អស់ ថវិកា​សរុប ៨៩​ពាន់​៤៧៩​ដុល្លា ។​

​បន្ទាប់ពី​ពី​ចំណាប់អារម្មណ៍​របស់លោក នាយក​អង្គការ​ស៊ី​ប៉ា និង ចំណាប់អារម្មណ៍​របស់​លោក​អនុប្រធាន​មន្ទីរ អប់រំ​យុវជន និង កីឡា​ខេត្ត​រួចមក មានប្រសាសន៍​នោះ​ក្នុងនាម​ឯ​.​ឧ ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯ​.​ឧ ម៉ៅ វុ​ឌ្ឍី ក៏បាន​សម្តែង​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌ របស់​អង្គការ​ស៊ី​ប៉ា ក្នុងការ​ចូលរួម​ស្តារ​នឹង​អភិវឌ្ឍន៍​វិស័យ​អប់រំ​ក្នុង​ខេត្ត ដែល​ធ្វើ​ឲ្យ​ប្រជាជន នៅ​ស្រុក​ប្រាសាទបាគង ចារិក​ទុក​នៅ​ជា​ប្រវត្តិសាស្ត្រ​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្ត សៀមរាប ។

ឯកឧត្តម​បាន​បន្តទៀតថា ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ គឺ​កត្តាចាំបាច់​នូវ​ធនធានមនុស្ស និង បែបផែន​ផលិតកម្ម​មួយ ហើយ​ការអប់រំ​ជា​កត្តា​គន្លឹះ​ដ៏​សម្ខាន់ ក្នុង​ការកសាង​ធនធានមនុស្ស ដើម្បី​ចូលរួម​វិនិយោគ​ខ្លាំងក្លា គឺ​ត្រូវការ ពេលវេលា​យូរអង្វែង មានការ​ទទួលខុសត្រូវ​ខ្ពស់ លើ​ការបណ្តុះបណ្តាល​ក្មួយៗ​កុមារ និង យុវជន ទាំង​ស្មារតី កាយសម្បទា ស​ញ្ចេ​ត​នា និង​បំ​ណិ​ន​ជីវិត សម្រាប់​អភិវឌ្ឍន៍​ប្រទេស ហើយក៏​ជាស​រសរ​ស្តម្ភ​ដ៏​រឹងមាំ ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ ។ ឯ​.​ឧ ម៉ៅ វុ​ឌ្ឍី ក៏បាន​គូសបញ្ជាក់ថា ក្រោម​កិច្ចដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបទៅដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់ របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បង្ខិត​នូវ​អគារសិក្សា​ពី​ថ្នាក់បឋមសិក្សា រហូតដល់​វិទ្យាល័យ ឲ្យ​នៅ​ជិត​កូន ចៅ​ប្រជាជន​នៅ​គ្រប់​មូលដ្ឋាន នៅ​គ្រប់​ភូមិ​មាន​ថ្នាក់បឋមសិក្សា គ្រប់​ឃុំ​មាន​អនុវិទ្យាល័យ និង ក្រុង ស្រុក​មាន​វិទ្យាល័យ ព្រមទាំង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទៀតផង ។

ដើម្បី​ឆ្លើយតប​ត្រូវការ​នេះ រាជរដ្ឋាភិបាល និង អង្គការ​ដៃគូ បាន​ផ្តោតទៅលើ​ការសាងសង់ និង ផ្តល់​អាហារ​រូបករណ៍​ដល់​កុមារ​ក្រីក្រ និង ការបណ្តុះបណ្តាល​សមត្ថ​ភាព​ដល់​អ្នកគ្រប់គ្រង ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ សំដៅ​បង្កើនល្បឿន នូវ​គោលដៅ​អប់រំ​សម្រាប់​ទាំងអស់គ្នា ឈានទៅ សម្រេច​នូវ​គោលដៅ​សហសវត្ស​ទាំង​៩​ចំណុច នាពេល​អ​នា​គត់ ។

ឯ​.​ឧ ម៉ៅ វុ​ឌ្ឍី ក៏បាន​ផ្តាំផ្ញើ ដល់​អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ​ទូទាំង​ឃុំ​រលួស ត្រូវ​ចូលរួម​ថែរក្សា​នូវ​សម​ទ្ធិ​ផល​ថ្មី នៃ​ចំណងដៃ​ឆ្នាំ​ថ្មី ប្រពៃណីជាតិ​នា​ថ្ងៃ​ខាងមុខ ដើម្បី​ឲ្យ​សម​ទ្ធិ​ផល​នេះ​បាន​គង់វង្ស ប្រើប្រាស់​បានយូរ​អង្វែង​សម្រាប់​ទៅ​ថ្ងៃ​អនាគត និង សូម​ឲ្យ​ក្មួយៗ​សិស្សានុសិស្ស​ស្តាប់​នូវ​ដំបូន្មាន​របស់លោក​គ្រូ​អ្នកគ្រូ និង គោរព​ឲ្យ​បាន​បញ្ជា​វិន័យ​សាលា ព្រមទាំង​គោរព ឲ្យ​បាន​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ដើម្បី​ធានា​នូវ​សុវត្ថិភាព ជូន​ដល់​ប្រជាជន និង ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ផងដែរ ។

​បន្ទាប់ពី​ការបំពាក់​គ្រឿង​ឥស្សរិយយស​ស្ថាបនា​ជាតិ ជូន​ដល់​សប្បុរសជន និង ការជូន​អំណោយ​ជា​សម្ភារៈ​សិក្សា ជា​និមិត្តរូប​ដល់​សិស្សានុសិស្ស​រួចមក គណៈអធិបតី និង សប្បុរសជន បាន​អញ្ជើញ​កាត់​ខ្សែបូរ​ជា​និម្មិត​រូប បើកសម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​អគារសិក្សា និង បណ្ណាល័យ​ចល័ត ចាប់ពី​ថ្ងៃនេះ​តទៅ​ផងដែរ ៕Image7 Image1 Image6 Image4