​យុវជន​០២​នាក់​ស្លាប់​យ៉ាង​រន្ធត់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ម៉ូតូ​០២​គ្រឿង​បុក​គ្នា​ពេញទំហឹង​នៅ​ផ្លូវជាតិ​លេខ​៤

0

​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ នៅលើ​កំណាត់​ផ្លូវ ជាតិ​លេខ ៤ យ៉ាងហោចណាស់​ក៏​មនុស្ស​០២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​និង​ម្នាក់ទៀត​រងរបួស ព្រោះតែ​ម៉ូតូ​បុក​គ្នា​ជាមួយ​ម៉ូតូ​ពេញទំហឹង កាល​ម៉ោង ១​និង​៤០​នាទី​យប់ ឈានចូល​ថ្ងៃទី​១៤ មីនា​២០១៤​នៅ​ចំណុច កា​រ៉ា​ស់​សាំង​តូ​តា​ល់ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ លេខ​៤ ក្នុងភូមិ​អូ​ដឹ​ម​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​យោងតាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា​មុនពេល​កើតហេតុ​ម៉ូតូ​ស៊ុយ​ហ្ស៊ូ​គី​ណិ​ច ពណ៌​ស មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1BV-1623 ជិះ​ដោយ​យុវជន​ម្នាក់​និង​រួម​ដំណើរ​ជាមួយ​យុវជន​ម្នាក់ទៀត​បានធ្វើ​ដំណើរ​ពី​ទិសដៅ លិចទៅ​កើត ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AT-4539 ជិះ​ដោយ​

យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ស្រប​ទិស​គ្នា និង​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​លាន់​សូរដូច​រន្ទះ បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ទាំងពីរ​នាក់​បែក​មុខ​បែក​មាត់ ផុង​លលា​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ យ៉ាង​អាណោចអាធ័ម ហើយ​ចំណែក​យុវជន​ម្នាក់​ដែល​រងរបួស​នោះ​ក៏ត្រូវ​បាន​រថយន្ត​សាមុយ​ដឹង​យកទៅ​មន្ទីរពេទ្យ​ផងដែរ ។​ ​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​សព​ដើម្បី​ទាក់ទង​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​រីឯ​ម៉ូតូ​ទាំងពីរ​គ្រឿង​វិញ​សមត្ថកិច្ច​បាន​វាស់វែង​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រងចាំ​ការដោះស្រាយ ៕​01