រថយន្ត​ដឹក​ដី​ភ្លេច​ទម្លាក់​បែន​ទាក់​ខ្សែភ្លើង​បាក់​បង្គោល​រាប​ដល់​ដី​នៅ​ខាងកើត​ស្ពាន​ហារ​

​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ប្រភេទ​យី​ឌុប​បាន​ដឹក​ដី​យកមក​ចាក់​កន្លែង​ដីឡូត៍​មួយ​កន្លែង​នៅ​ខាងកើត​ស្ពាន​ហារ​រួច​ភ្លេច​ទម្លាក់​បែន​ហើយ​បើក​ចេញ​ទៅ​ក៏​បណ្តាល​ឲ្យ​ទាក់​នឹង​ខ្សែភ្លើង​ដាច់​ធ្លាក់​រាយប៉ាយ​ពេញ​ផ្លូវ​និង​បាក់​បង្គោល​១​ដើម​រាប​ដល់​ដី​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​

តាម​ផ្លូវ​ឃើញ​ដូច្នោះ​ក៏​បាន​រាយការណ៍​ដល់​ស​ម​ត្ថ​កិច្ច​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ខាងកើត​ស្ពាន​ហា​រ ផ្លូវ​ព្រៃ​ស ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​ប្រភព​ពី​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ស​បានឲ្យដឹងថា រថយន្ត​បង្កហេតុ​នោះ​មាន​ម៉ាក​KIA ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-1130 បើកបរ​ដោយ​ឈ្មោះ នី ម៉ៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​
​ប្រភព​ដដែល​បន្តថា មុនពេល​កើតហេតុ​អ្នកបើកបរ​ដឹក​ដី​ចេញពី​ភូមិ​អន្លង់​គង​ឆ្ពោះ​ទៅ​ចាក់​ដី​នៅ​កន្លែង​មួយ​នៅ​ខាងកើត​ស្ពាន​ហា​រ ពេល​ចាក់​ដី​ហើយ​ទំនងជា​អ្នកបើកបរ​នោះ​គាត់​ភ្លេច​ទម្លាក់​បែន​ចុះ​វិញ​ក៏​បើក​រថយន្ត​ចេញ​ទៅ​ក៏​ទាក់​នឹង​ខ្សែភ្លើង​បណ្តាលឲ្យ​ដាច់​ធ្លាក់​រាយប៉ាយ​ពេញ​ផ្លូវ​នឹង​បាក់​បង្គោល​១​ដើម​ផង​ដែរ​រាប​ដល់​ដី​។​
​ប្រភព​បន្តថា ពេល​បាក់​បង្គោល​ភ្លើង​និង​ដាច់​ខ្សែភ្លើង​ធ្លាក់​រាយប៉ាយ​ដូច្នេះហើយ​អ្នកបើកបរ​រថយន្ត​អត់​ឈប់​ទេ​គេ​ព្យាយាម​បើក​រត់​ទៅ​ដឹក​ដី​ធ្វើ​ព្រងើយ ខំ​តែ​បាន​ប្រជាពលរដ្ឋ​គាត់​ចំណាំ​លេខ​រថយន្ត​គាត់​ក៏​បាន​រាយ​ការណ៏ដល់​កម្លាំង​យើង​ទើប​កម្លាំង​យើង​ទៅ​ឃាត់​រថយន្ត​នោះ​នៅ​កន្លែង​រណ្តៅ​ដី​តែម្តង​។​
​សមត្ថកិច្ច​នគរបាល​ចរាចរ​ខណ្ឌ​ក៏​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ឃាត់​រថយន្ត​នោះ​នាំមក​រក្សាទុក​នៅ​សាលាខណ្ឌ​ដង្កោ ដើម្បី​ប្រគល់​ភារកិច្ច​នេះ​ដោះស្រាយ​ជាមួយ​ខាង​អគ្គិសនី​ចេញ​សំណង​ថ្លៃ​ការខូចខាត ។​
​ដោយឡែក​អភិបាលរង​ខណ្ឌ​ដង្កោ​លោក ប្រាជ្ញ សីហា ក៏​បានឲ្យ​ដឹង​ដែរថា ចំពោះ​បញ្ហា​នេះ​ភាគី​ខាង​រថយន្ត​បង្ក​គេ​យល់ព្រម​ចេញថ្លៃ​ការខូចខាត​និង​ជុស​ជុល​ឲ្យ​វិញ ដូច្នេះ​ខាង​អគ្គិសនី​ក៏​គេ​មិន​ប្តឹងផ្តល់​អ្វី​ដែរ ៕​

image (8) image (9)