Marcello Lippi (​ម៉ា​សេ​ឡូ លី​ប​ពី​) បោះបង់ចោល​ឱកាស​ដឹកនាំ Tottenham Hotspur

0

​គ្រូបង្វឹក​លោក Marcello Lippi (​ម៉ា​សេ​ឡូ លី​ប​ពី​) បាន​លើកឡើងថា គាត់​បាន​បោះបង់ចោល​ឱកាស​ទៅ​ដឹកនាំ ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur ដោយសារ​ពិបាក​ក្នុងការ​និយាយ​ភាសា ។​ ​អ្នកចាត់ការ​វ័យ ៦៥ ឆ្នាំ​ដែល​ធ្លាប់​ដឹកនាំ​ប្រទេស​អ៊ីតាលី​ឲ្យ​ឈ្នះ​ជើងឯក​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ក្នុង​ឆ្នាំ ២០០៦ រូបនេះ​បច្ចុប្បន្នកំពុង​ដឹកនាំ​ក្លិប​បាល់ទាត់​អាជីព​របស់​ប្រទេស​ចិន​គឺ ហ្គ័​ង​ហ្ស៊ូ អេ​វើ​ហ្គ្រេ​ន (Guangzhou Evergrande) ហើយ​ថ្មីៗ​ក្លិប​មួយ​នេះ​បានឈ្នះ​ជើងឯក​ក្នុង​លី​ក​ផងដែរ ។​

​លោក Lippi ប្រាប់​គេ​ហំ​ព័រ Metro ថា “​ខ្ញុំ​បាន​ច្រាន​សំណើរ​របស់​ក្លិប​នៅ​អង់គ្លេស​ជាច្រើន​នៅ​ប៉ុន្មាន​ឆ្នាំកន្លងមក​នេះហើយ​ពេល​ថ្មីៗ​គឺ​ក្លិប Tottenham ប៉ុន្តែ​ខ្ញុំ​បាន​ឆ្លើយថា​ទេ​!​ដោយសារតែ​នៅ​ទីនោះ​ខ្ញុំ​មិន​យល់​នូវ​ភាសា​និយាយ​របស់​ពួកគេ​” ។​ ​គួរ​បញ្ជាក់ថា Tottenham Hotspur បច្ចុប្បន្នកំពុង​ស្ថិតក្រោម​ការដឹកនាំ​របស់លោក Tim Sherwood (​ធី​ម ស៊ើ​វូដ​) ហើយ​កំពុង​ឈរ​នៅ​លំដាប់​ទី ៦ ក្នុង​ក្របខណ្ឌ Premier League ៕ ​