ប្រជាពលរដ្ឋឃុំថ្មី ធ្វើស្រែក្នុងមួយឆ្នាំបានបីដង ក៏ប៉ុន្តែមានការប្រឈម និងកង្វះទឹកដាក់ស្រែ ក្នុងចុងរដូវប្រាំង មូលហេតុប្រពន្ធ័ប្រឡាយ និងអូររាក់ ហើយប្រជាពលរដ្ឋមួយចំនួន បង្ខំចិត្តបុកអណ្តូង បូមទឹកដាក់ស្រូវ ដែលធ្វើឲ្យទិន្នផល់ស្រូវថយចុះ និងចំណាយថវិការច្រើន ហើយតម្លៃស្រូវលក់បានថោក ទូទាត់ការចំណាយខ្ពស់ ទទួលប្រាក់ចំណិញតិចតួច អ្នកខ្លះខាតចូលដើមទៀតផង ។បើតាមកសិករម្នាក់ឈ្មោះ គឹម ក្អាត់ ភេទប្រុស អាយុ៥១ឆ្នាំ ជាជនពិការជើងស្តាំ រស់នៅភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទ៌ បានឲ្យដឹងថា រូបគាត់មានស្រែចំនួន៦ហិកតា បានបង្ករបង្កើនផល់ក្នុង១ឆ្នាំ បីដង គឺធ្វើស្រែពូជ ស្រូវអ៊ីអ៊ែរ័ ពីខែឧសភាដល់ខែកក្កដា ទិន្នផល់ក្នុងមួយ
ហិកតា៧តោន បើមានទឹកគ្រប់គ្រាន់ លើកទី២ ធ្វើនៅក្នុងខែកញ្ញា ច្រូតកាត់នៅខែធ្នូ ទិន្នផលក្នុង១ហិកតា ៨តោនទៅ៩តោន តម្លៃស្រូវ១គីឡូ គិតជាលុយខ្មែរ ៧០០រៀល លើកទី៣ ចាប់ផ្តើមពីខែមករាដល់ខែមិនា ហើយខ្វះទឹក២ខែ គឺក្នុងខែកុម្ភៈនិងខែមិនា ទិន្នផល់ថយចុះ ក្នុងមួយហិកតាបាន៤តោនទៅ៥តោនប៉ុណ្ណោះ គ្មានចំណេញទេ ដោយចំណាយខ្ពស់ ។
ទាក់ទិនករណីនេះដែរ លោក សំ ពាន់ មេឃុំថ្មី បានមានប្រសាសន៍ថា ឃុំថ្មីមាន៦ភូមិ គឺភូមិព្រៃវល្ល័ ភូមិអូរ ភូមិកោះត្រាច ភូមិថ្មី ភូមិវាលម្អម និងភូមិជប់ព្រីង មានផ្ទៃដីសរុប៤០០០ហិកតា ក្នុងនោះផ្ទៃដីបង្កបង្កើនផល ៣៥១៣ហិកតា ហើយស្រូវវស្សា គឺធ្វើតិចតួចប្រមាណ២៥០ហិកតាប៉ុណ្ណោះ ។ ដោយតំបន់ជាប់ព្រំដែន ហើយទឹកលិចជាទូទៅ គឺធ្វើស្រែប្រាំងក្នុងមួយឆ្នាំបីដង លើកទី២ ផែនការ៣០០០ហិកតា គឺសម្រេចតាមផែនការ លើកទី៣នេះ សម្រេចបាន
២២៦៧ហិកតា ។ ហើយនៅដើមខែមិនានេះ ប្រឈមខ្វះទឹក មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានយកគ្រឿងចក្រ មកស្តាប្រឡាយ និងអូរដោយប្រជាពលរដ្ឋម្ចាស់ស្រែ ចូលរួមផ្តល់ប្រេងម៉ាស៊ូត គឺបានស្តាប្រឡាយ និងអូរយកទឹកង្គ្រោះស្រូវទាន់ពេល ដូច្នេះសូមអំពាវនាវសុំរាជរដ្ឋាភិបាល មេត្តាផ្តល់ថវិកា ស្តារប្រពន្ធ័ប្រឡាយ និងអូរដាវ ដែលសព្វថ្ងៃ រាក់គោកទឹក
បណ្តាលឲ្យខ្វះទឹកបូមដាក់ស្រែ ហើយបើបុកអណ្តូង គឺបូមទឹកបានតិចចំណាយប្រាក់ច្រើន ខាតមិនចំណេញឡើយ មានតែស្តារប្រឡាយមេឡើងវិញ ជាពិសេស ស្តារអូរដាវ ដែលជាប់ព្រំដែនកម្ពុជា-វៀតណាម ទើបអាចផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋបាន ៕