​​ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ​រស់នៅ​ក្បែរ​ភ្នំ​តូច​កំពុងតែ​មានការ​ព្រួយបារម្ភ​ខ្លាច​បាក់​ដី​ដល់​លំនៅឋាន​របស់​ពួកគាត់​ព្រោះ​ឈ្មួញ​កំពុង​កាយ​ដីភ្នំ​លក់​យ៉ាង​អាធិបតេយ្យ​

0

​ខេត្តបន្ទាយមានជ័យ​ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ​រស់នៅ​ក្នុងភូមិ​មនោ​រម្យ ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ កំពុងតែ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​នៃ​ការ​ប្រឈម​បាក់​ស្រុតដី​ភូមិ​និង​ប៉ះពាល់​ដល់​ដី​លំនៅឋាន​របស់​ពួកគាត់​ដែល​សកម្មភាព​ធ្វើ​អាជីវកម្ម​ជីក​កកាយ​ដីភ្នំ​តូច​លក់​យ៉ាង​អាណាធិបតេយ្យ​របស់​ឈ្មួយ​កំពុងតែ​ប្រើប្រាស់​គ្រឿងចក្រ​ជីក​កកាយ​យក​អាច​ម៌​ដី​លក់​នៅជាប់​ព្រំប្រទល់​ដី​លំនៅឋាន​របស់គាត់​។​សកម្មភាព​ជីក​កកាយ​ដីភ្នំ​តូច​ពី​សំណាក់​មេ​ឈ្មួញ​យ៉ាង​ដុះ​ស្លែ​ម្នាក់​នៅ​ភ្នំ​តូច​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​មនោ​រម្យ​បាន​ប្រាប់ឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​២១ ខែមេសា​ឆ្នាំ​២០១៥​ថា​គេ​ធ្វើ​ឡើងជា​យូរ​ឆ្នាំ​មកហើយ​សកម្មភាព​ទាំងនេះ​គេ​មិនដែល​ឃើញ​មាន​ក្រុមមន្ត្រី​អង្គភាព​ជំនាញ​ណា​ចុះមក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​អំពី​ផលប៉ះពាល់​បរិស្ថាន និង​ផលប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​នោះឡើយ​ពោល​គេ​ប​ណ្តែ​បណ្តោយឱ្យ​ការធ្វើ​អាជីវកម្ម​ដីភ្នំ​តូច​នេះ​តាមតែ​អំពើ​ចិត្ត​របស់​ឈ្មួញ​ដុះ​ស្លែ​នោះ​។​គួរ​បញ្ជាក់ថា​រណ្តៅ​ជីក​កកាយ​យក​អាច​ម៌​ដី​លក់​គេ​មើលឃើញថា​ដូចជា​រណ្តៅ​បាយខុម​ដែលមាន​ជម្រៅ​តាម​ការប៉ាន់ប្រមាណ​ចាប់ពី​៨​ទៅ​១០​ម៉ែត្រ ។ សកម្មភាព​នៃ​ការជីក​កកាយ​ដីភ្នំ​តូច​ដែល​គេ​ចាត់ទុកថា​ជា​ភ្នំ​ប្រវត្តិសាស្ត្រ​នៅពេល​បច្ចុប្បន្ននេះ​គេ​ឃើញ​ភ្នំ​តូច​បាន​បាត់បង់​រូបរាង​ស្ថានភាព​ដើម​ហើយៗ​ប្រែ​ទៅជា​ភ្នំ​ដែលមាន​ជង្រុក​ជ្រៅ​និង​ក្លាយទៅជា​ស្រះ​ទឹក​តូចធំ​នោះ​ផងដែរ​។​សកម្មភាព​នៃ​ការធ្វើ​អាជីវកម្ម​ដីភ្នំ​តូច​របស់​ឈ្មួញ​ដុះ​ស្លែ​នោះដែរ​ត្រូវបាន​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា​ធ្វើឡើង​ខុសច្បាប់​ដោយ​ប្រើប្រាស​សិទ្ធិអំណាច​ជា​មេឃុំ​ភ្នំ​តូច​លក់​ទ្រព្យសម្បត្តិ​ធម្មជាតិ​របស់​រដ្ឋ​មានតម្លៃ​មហាសាល​ដើម្បី​បម្រើ​ផលប្រយោជន៍​បុគ្គល​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​។​ជុំវិញ​បញ្ហា​នេះ​លោក​ជា​សាង មេឃុំ​ភ្នំ​តូច​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឱ្យដឹងថា​លោក​មិន​ជឿ​ទេ​ការធ្វើ​អាជីវកម្ម​ដីភ្នំ​នៅ​ទីនោះ​មិនអាច​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ​នោះឡើយ​។​ប្រសិនបើ​ប៉ះពាល់ នោះ​មែន​លោក​នឹង​ចុះទៅ​ដោះស្រាយ​ភ្លាម​។​លោក​ប្រាប់​ឱ្យដឹងទៀតថា អាជីវកម្ម​ជីក​កកាយ​ដីភ្នំ​លក់​នៅ​ទីនោះ​មិនមែន​ជីក​កកាយ​ដីភ្នំ​នោះទេ​គឺជា​ដី​ដែល​លោក​ទិញ​ពី​ប្រជាពលរដ្ឋ​ហើយ​ធ្វើឡើង​ស្របច្បាប់​តែ​បុ​ណ្ណោះ​។​លោក​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា​អាជីវកម្ម​ដី​របស់លោក​មេឃុំ​ភ្នំ​តូច​គាត់​បាន​ស្នើសុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ដល់​ខេត្ត​នោះ​ហើយក៏​ប៉ុន្តែ​លោក​ពុំទាន់​បាន​ចុះហត្ថលេខា​បញ្ជូន​លិខិតស្នើ​សុំ​នោះ​ទៅ​ក្រសួង​រ៉ែ និង​ថាមពល​ដោយ​ទុក​រង់ចាំ​ដោះស្រាយ​ពិនិត្យមើល​ពី​ផលប៉ះពាល់​បរិស្ថាន​សិន​។​លោក​អភិបាលខេត្ត​បានបញ្ជាក់​ឱ្យដឹងទៀតថា កន្លងមក​លោក​មេឃុំ​ភ្នំ​តូច​ធ្វើ​អាជីវកម្ម​ដីភ្នំ​តូច​នោះ​គ្មាន​ច្បាប់​នោះទេ​។​ក្រសួង​រ៉ែ​និង​ថាមពល​បច្ចុប្បន្ន​ចេញ​ច្បាប់​រាល់​ការធ្វើ​អាជីវកម្ម​ដីខ្សាច់ រ៉ែ និង​ដីភ្នំ ជាដើម ត្រូវតែ​វាយតម្លៃ​ពី​ផលប៉ះពាល់​បរិស្ថាន​ជាមុនសិន​ទើប​អនុ​ញ្ញា​តិ្ត​ឲ្យ​ធ្វើ​អាជីវកម្ម​ជា​ក្រោយ​៕image image (2) image (1)