ក្រចេះ ៖ មន្ត្រីនគរបាល នៃការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តក្រចេះ ចាប់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធ និងករណីឃាតកម្មសម្លាប់ បុរសវ័យចំណាស់ម្នាក់ នៅស្រុកចិត្របូរី និងបញ្ជូនឃ្លួនទៅសាលាដំបូងខេត្តកាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ ។
មន្ត្រីនគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានអោយដឹងថាបន្ទាប់ពីមានស្រាវជ្រាវតាមដានក្នុងករណីឃាតកម្មរមួយដែលកើតឡើងនៅចំណុចភូមិ ព្រែកតាថឹង ឃុំបុលាវ កាលពីថ្ងៃ១៩ រហូត ដល់ថ្ងៃទី២២ ខែមេសា សមត្ថកិច្ចអាចកំណត់មុខសញ្ញាបាននិងឈានទៅដល់ការចាប់ ខ្លួនជនសង្ស័យភ្លាមៗ ។
ជនសង្ស័យឈ្មោះ មឿន ម៉ាយ អាយុ១៩ឆ្នាំ រស់នៅភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របូរី បានធ្វើសកម្មភាពដោយប្រើប្រាស់ដំបងវាយទៅលើបុរសវ័យចំណាស់ម្នាក់ ឈ្មោះ ទេព សុគន្ធី អាយុ៦៥ឆ្នាំ រស់នៅ ភូមិកើតហេតុ បណ្តាលអោយស្លាប់បាត់បង់ជីវិត នៅតាមចិញ្ចើម ផ្លូវជាតិលេខ ៧៣ ដោយមិនដឹងពីមូលហេតុ កាលពីវេលាម៉ោង៣ ទៀបភ្លឺថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥។
តាមប្រភពព័ត៌មានពី សមត្ថកិច្ចបានឱ្យដឹងថា នៅយប់កើតហេតុ បុរសវ័យ ចំណាស់ខាងលើ បានទៅចូលរួមបុណ្យក្នុងភូមិ និងបានផឹងស្រាស្រវឹង ដើរទៅដើរមក លុះដល់ម៉ោង ៣ទាបភ្លឺស្រាប់តែ គេប្រទះឃើញ បុរសវ័យចំណាស់ខាងលើ ដេកស្លាប់ នៅក្បែចិញ្ចើមផ្លូវ ដោយមានស្នាម បែកក្បាលផ្នែកខាងក្រោយ និងគុំត្រចៀក ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននិងបញ្ជូនទៅកាន់សាលាដំបូងខេត្តកាលពីសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥នេះ ដើម្បីចាត់ការ ទៅតាមនិតិវិធីច្បាប់។ ម៉េង ហ៊ាង