កំពង់ឆ្នាំង៖ ខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ បានប្រារពទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ឆ្នាំ២០១៥ ខួបលើកទី១៥២ ក្រោមប្រធានបទ(កម្លាំង មនុស្សធម៌ គោលការណ៍គ្រឹះក្នុងសកម្មភាព) នៅក្នុងសាលានយោបាយខេត្ត ក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិកា កណ្តាលកាកបាទ ក្រហម កម្ពុជា និងលោកជំទាវ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មកពីតាមបណ្តា មន្ទីរអង្គភាពជុំវិញខេត្ត យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហម សប្បុរសជនចូលរួមសរុបចំនួន៧៦៦នាក់។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងជំរាបជូនអង្គពិធីថា៖ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៍ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទាំងថ្នាក់កណ្តាល និងថ្នាក់សាខា អនុសាខា បានខិតខំពុះពារបំពេញបេ សកម្មមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ខ្យល់ព្យុះ ទឹកជំនន់ រន្ទះបាញ់ លង់ទឹក ចាស់ជរាគ្មានទីពឹង ទីទាល់ក្រ អ្នកផ្ទុកមេរោគអេដស៍ និងដោយឧប្បទ្ទវហេតុផ្សេងៗទូទាំងខេត្ត សរុបមានចំនួន២.៣៨៨គ្រួសារ ក្នុងនោះថ្នាក់កណ្តាលឆ្លើយតបបាន១.៨០២គ្រួសារ សាខា៤៨៨គ្រួសារ អនុសាខាបាន៩៨គ្រួសារ។អនុវត្តយ៉ាង ម៉ឺងម៉ាត់តាមគោលការណ៍របស់កាកបាទក្រហមកម្ពុជា ឆ្នាំនេះសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងបានរៀបចំប្រារព្វទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមខួបលើកទី១៥២ ក្រោមប្រធានបទ(កម្លាំងមនុស្សធម៌ គោលការណ៍គ្រឹះ ក្នុងសកម្មភាព)ក្នុងគោលបំណងត្រួតពិនិត្យលទ្ធផលសាខា អនុសាខា និងអ្នកពាក់ព័ន្ធដែលចូលរួមចំណែកសំរេចបានក្នុងឆ្នាំ២០១៤កន្លងមក។ ផ្សព្វផ្សាយទិសដៅការងារសំរាប់អនុវត្តក្នុងឆ្នាំ២០១៥ និងគៀងគររកមូលនិធិសំរាប់សាខាធ្វើសកម្មភាព។
ក្រោយពីបានស្តាប់នូវរបាយការណ៍បូកសរុបលទ្ធផល ការងារកាកបាទក្រហមឆ្នាំ២០១៤ សាខាខេត្តកំពង់ឆ្នាំងរួចមក សម្តេចចៅហ្វាវាំង គង់ សំអុល បានមានប្រសាសន៍ទៅកាន់អង្គពិធីថា៖ ដើម្បីលើកកំពស់ការយល់ដឹងកាន់តែស៊ីជំរៅក្នុងស្រទាប់ប្រជាជន និងមហាជន សាខា អនុសាខាត្រូវអនុវត្តអោយបានទូលំទូលាយបន្ថែមទៀតនូវគោលការណ៍គ្រឹះទាំង៧ចំណុចរបស់ចលនាគឺ ភាពមនុស្សធម៌ត ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គចិត្ត ឯកភាព សកលភាព។
នាឳកាសនោះសម្តេចចៅហ្វាវាំងបានសំណូមពរដល់គ្រប់ស្ថាប័ន និងសហគមន៍ងាយរងគ្រោះ សូមបន្តធ្វើការងាររួមគ្នាក្នុងភាពជាដៃគូ អោយបានខ្លាំងក្លាប្រកបដោយប្រសិទ្ធភាពស្របតាមទិសស្លោក (ធ្វើសកម្មភាពអោយបានកាន់តែច្រើនជាងមុន អោយបានកាន់តែល្អជាងមុន និងកាន់តែស៊ីជម្រៅជាងមុន និងទៅអោយបានកាន់តែឆ្ងាយជាងមុន ទៅតាមសភាពជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួន)។
នៅក្នុងពិធីនេះសប្បុរសជនទាំងអស់បានចូលរួមឧបត្ថម្ភថវិកា ជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងសរុបជាទឹកប្រាក់បានចំនួន១០០.៦៤៣ដុល្លាសហរដ្ឋអាមេរិក។បន្ទាប់មក សម្តេច ចៅហ្វា គង់ សំអុល បានប្រកាសសេចក្តីសម្រេចតែងតាំង អនុប្រធានកិត្តិយសគណៈកម្មាធិការសា ខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងចំនួន៣រូប និងបំពាក់ឯកសណ្ឋានជូនយុវជនសាកបាទក្រហមកម្ពុជា ចំនួន២០នាក់ផងដែរ ដែលតំណាងឲ្យយុវជនកាកបាទក្រហមកម្ពុជាចំនួន២២៥នាក់៕