កំពង់ឆ្នាំង៖ បុរសជាអ្នកបើកគោយន្តម្នាក់ត្រូវបានតុលាការឃុំខ្លួននៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ បន្ទាប់ពីរូបគេបានបើកបរគោយន្តរបស់ខ្លួនដឹកអុសពេលយប់ដោយគ្មានបំពាក់ភ្លើងចំណាំងផ្លាត បង្កអោយបុរសម្នាក់ជិៈម៉ូតូទៅបុកគូថគោយន្តដឹកអុសពីក្រោយពេញទំហឹងរងរបួសធ្ងន់។ ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៦៣និង៦៤ ស្ថិតក្នុង ភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច។
សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាននិយាយអោយដឹងថាៈ បុរសរងគ្រោះមានឈ្មោះ គ្រេង មករា អាយុ២៩ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំតាជេស ស្រុកំពង់ត្រឡាច ។មុនពេលកើតហេតុបុរសរង គ្រោះបានជិៈម៉ូតូម៉ាកវ៉េវ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K.0249 ក្នុងដំណើរពីជើងទៅត្បូង លុះមក ដល់ចំណុចកើតហេតុស្រាប់តែទៅបុក និងគោយន្តមួយគ្រឿងដឹកអុសស្ទែរ គ្មានភ្លើងបំភ្លឺ និងគ្នាស្លាកចំណាំងផ្លាតពីក្រោយយ៉ាងពេញទំហឹង បណ្តាលអោយជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ ចំណែកម៉ូតូរងការខូចខាតមួយកំណាត់មុខ។ចំណែកអ្នកបើកបរគោយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាព ស្រុកកំពង់ត្រ ឡាច ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យបានសម្រេច បញ្ជូនបន្តទៅ សង្គ្រោះ នៅមន្ទីរពេទ្យកាលម៉ែត្រក្រុងភ្នំពេញជាបន្តទៀតដើម្បីសង្គ្រោះជីវិត ។
សមត្ថកិច្ចបានពញ្ជាក់អោយដឹងថា៖អ្នកបើកបរគោយន្តបង្កគ្រោះថ្នាក់នោះមានឈ្មោះ តាក តុល អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិកំពែង ឃុំត្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ រូបគេជាអ្នកស៊ីឈ្នួលដឹកអុសស្ទែរអោយគេ ប៉ុន្តែគោយន្តគឺកម្មសិទ្ធរបស់គាត់។
នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ នេះ អ្នកបើកគោយន្ត ឈ្មោះ តាក តុល ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ត បញ្ជូនខ្លួននិងសំណុំរឿងមកកាន់សាលាដំបូងខេត្ត និងត្រូវបានតុលាការខេត្តឃុំខ្លួនបណ្តោះអាសន្ន ដើម្បីអោយចៅក្រមស៊ើបអង្កេតស្រាវជ្រាវ និងជំនុំជំរះ ផ្តន្ទាទោសតាមច្បាប់។
ការឃុំខ្លួនក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺជាសារមួយដល់បងប្អូនអ្នកប្រើប្រាស់គោយន្តទាំងឡាយ គួរតែយល់ដឹងអំពីការប្រើប្រាស់គោយន្តដែលត្រូវតែបំពាក់ភ្លើង អោយបានត្រឹមត្រូវតាមបច្ចេកទេសយានយន្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់ចារចរណ៍ និងដើម្បីកុះអោយមានទោសទណ្ឌ័ដោយសារតែគោយន្តយើងគ្មានភ្លើងបំភ្លឺផ្លូវ និងគ្មានចំណាំងផ្លាត៕