ជនជាតិ​បរទេស​ស្រវឹងធ្លាក់ភ្នែក​បើករថយន្ត​បុក​រះ​ម៉ូតូ​៣​គ្រឿង​រួច​បើក​រត់​ទៅ​បុក​បាក់​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​៥​ផ្ទាំង​និង​បង្គោល​ស្លាក​សញ្ញា​ចរាចរ​១​ដើម​

ភ្នំពេញ ៖ បុរស​ជនជាតិ​បរទេស​ម្នាក់​ស្រវឹង​បើករថយន្ត​បុក​រះ​ម៉ូតូ​៣​គ្រឿង​ចត​ស្ងៀម​មុខ​ហាង​កាហ្វេ​មួយ​កន្លែង​ទល់មុខ​សណ្ឋាគារ​ភ្នំពេញ​បណ្ដាលអោយ​រង​ការខូចខាត​តិចតួច តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ហើយ​ព្យាយាម​បើក​រត់​មកដល់​ចំណុច​មុខ​ធនាគារ​កាណាឌីយ៉ា​បាន​បុក​រះ​

រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៥​ផ្ទាំង​និង​បង្គោល​ស្លាក​សញ្ញា​បង្ហាញ​ទិសដៅ​ចរាចរ​បាក់​អស់​មួ​យ​ដើម កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​៥​ខែ​មេសា​ឆ្នាំ​២០១៤ ត្រង់​ចំនុច​ក្បែរ​ស្តុប​កាណាឌីយ៉ា ស្ថិតនៅ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា ស៊ីន​ណា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ឍ​០៥៧៣ ភព​១ បើកបរ​ដោយ​ជនជាតិ​បរទេស​ម្នាក់​បាន​ធ្វើដំណើ​រ​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ក៏​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​រះ​ម៉ូតូ​៣​គ្រឿង​ដែល​ចត​មុខ​ហាង​កាហ្វេ​មួយ​កន្លែង​ទល់មុខ​សណ្ឋាគារ​ភ្នំពេញ បណ្ដាលអោយ​រង​ការខូចខាត​តិចតួច តែ​ម្ចាស់​រថយន្ត​បង្កហេតុ​ខាង​មិន​ព្រម​ឈប់​រថយន្ត​ធ្វើការ​ដោះស្រាយ​ជាមួយ​ម្ចាស់​ម៉ូតូ​រងគ្រោះ​ទាំង​៣​គ្រឿង​បែរជា​ព្យាយាម​បើករថយន្ត​រត់គេច​បា​ន​ប្រមាណ​១​គីឡូ​ម៉ែត​មក​ចំណុច​មុខ​ធនាគារ​កាណាឌីយ៉ា​ក៏បាន​ទៅ​បុក​បាក់​អស់​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​៥​ផ្ទាំង​និង​បង្គោល​ស្លាក​សញ្ញា​ចរាចរ​មួ​យ​ដើម​ទៀត ធ្វើអោយ​រថយន្ត​បង្កហេតុ​ខាងលើ​រង​ការខូចខាត​យ៉ាងដំណំ​ដោយ​ផ្ទុះ​បែក​ពោង​សុ​វត្តិភាព​និង​រង​ការខូចខាត​មួយ​កំណាត់​មុខ​ធ្វើអោយ​រថយន្ត​បើក​ទៅ​មុខ​លែងរួច​។​
​ក្រោយពេល​កើតហេតុ​រថយន្ត​បង្កហេតុ​ខាងលើ​ត្រូវ​ប៉ូលិសចរាចរ​ធ្វើការ​វាស់វែង​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​ស្នងកា​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕​

1 2 3 4