ខេត្ដបន្ទាយមានជ័យ៖ពលករខ្មែរ ប្រុសស្រី៤៩នាក់រួមនឹងកុមារចំនួន១១ នាក់មកតាមឪពុកម្ដាយហើយធ្វើដំណើរមកពី៣ខេត្តផ្សេងៗគ្នាខេត្ដបាត់ដំបង សៀមរាប និងខេត្ដពោធិ៍សាត់បានឆ្លងដំណើរឆ្លងកាត់តាមខេត្ដបន្ទាយមានជ័យមកដល់ព្រំដែនត្រង់ចំណុចភូមិបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបម្រុងនាំគ្នាធ្វើដំណើរឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃខុសច្បាប់ ទាំងយប់ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននិងកម្លាំងនគរបាលស្រុកម៉ាឡៃរួមជាមួយកម្លាំងប៉ុស្ដិ៍បឹងបេងឃាត់ដំណើរពលករទាំងនោះកាលពីយប់ម៉ោង៩ថ្ងៃទី២៥ខែមេសា ឆ្នាំ២០១៥ មិនឱ្យធ្វើដំណើរទៅមុខទៀតឡើយ ។ពលករទាំង៤៩នាក់និងកុមារទាំង១១នាក់បន្ទាប់មកត្រូវបានសមត្ថកិច្ចចាប់បញ្ជូនមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងបេង។ លុះព្រឹកឡើងថ្ងៃទី២៦ខែ មេសា ឆ្នាំ២០១៥ សមត្ថកិច្ចបានអប់រំ និងណែនាំឱ្យពួកគាត់អំពីច្បាប់ធ្វើការងារបើចង់ទៅធ្វើការនៅប្រទេសថៃត្រូវតែនាំគ្នាទៅធ្វើលិខិតស្នាមនៅក្រសួងការងារដើម្បីចូលទៅធ្វើការងារនៅប្រទេសថៃដោយស្របច្បាប់ ប្រសិនបើបងប្អូនទៅធ្វើការនៅស្រុកគេគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះអាចប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតពេលដើរឆ្លងកាត់ព្រំដែនតាមច្រករបៀងត្រូវទាហានថៃបាញ់សម្លាប់ឬចាប់យកទៅដាក់គុកធ្វើទារុណកម្មជាដើម។ មិនតែប៉ុណ្ណោះបងប្អូនប្រឈមនឹងចាញ់បោកមេខ្យល់នាំទៅធ្វើការកេងកម្លាំងពលកម្មឬជួញដូរមនុស្សឬមួយក៏ជិះរថយន្ដគេចពីសមត្ថកិច្ចថៃត្រូវរងគ្រោះថ្នាក់ចរាចរណ៍ជាដើមប្រសិនបើបងប្អូនធ្វើដំណើរទៅរកការងារធ្វើស្របច្បាប់គឺច្បាប់ធានាការពារសព្វបែបយ៉ាងចំពោះបងប្អូន ។
គួរបញ្ជាក់ផងដែរថានគរបាលខេត្ដបន្ទាយមានជ័យចេញប្រតិបត្ដិការទប់ស្កាត់ពលករខ្មែរទៅធ្វើការងារក្នុងប្រទេសថៃខុសច្បាប់នៅពេលនេះគឺអនុវត្ដតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី អាត់ខែមស្នងការនគរបាលខេត្ដដែលដាក់ចេញឱ្យកម្លាំងនគរបាលគ្រប់ផ្នែកត្រូវតែមានវិធានការទប់ស្កាត់ពលករខ្មែរធ្វើចំណាកស្រុកខុសច្បាប់ដើម្បីការពារអាយុជីវិតពួកគេគ្រាដែលគេមើលឃើញថានៅក្រោយថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរត្រូវបានបញ្ចប់មានពលករខ្មែរជាច្រើននាក់កំពុងតែនាំគ្នាសម្រុកឆ្លងដែនចូលទៅរកការងារធ្វើនៅប្រទេសថៃទាំងស្របច្បាប់និងខុសច្បាប់។ពលករទាំង៤៩នាក់ក្រោយពីសមត្ថកិច្ចធ្វើការអប់រំនិងឱ្យធ្វើកិច្ចសន្យារួចក៏ត្រូវដោះលែងឱ្យធ្វើដំណើរត្រឡប់ទៅ ស្រុកកំណើតវិញផងដែរ ៕គង្គា