​ត្បូង​ពេជ្រ​ពណ៌​ខៀវ​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​ត្រូវ​បានដាក់​ឲ្យ​ដេញថ្លៃ​

0

​ត្បូង​ពេជ្រ​ពណ៌​ខៀវ​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​ត្រូវ​បានដាក់​ឲ្យ​ដេញថ្លៃ​នៅ​ទីក្រុង​ហ្សឺ​ណែវ​នៅ​ខែ​ក្រោយនេះ​។ វា​គឺជា​ត្បូង​ដ៏​កម្រ ដែល​ត្រូវបាន​គេ​រំពឹងទុក​ថា នឹងមាន​តម្លៃ​ជាង ២៥​លាន​ដុល្លារ​។ នេះ​បើតាម​ការអះអាង​ពី​ក្រុមហ៊ុន​ដេញថ្លៃ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​។​ ​

ត្បូង​ពេជ្រ​ពណ៌​ខៀវ​ដែលមាន​រាង​ដូច​គុច​មាន​ពណ៌​ខៀវ​ចិញ្ចែងចិញ្ចាច​មាន​ទម្ងន់​ប្រមាណ ១៣,២២​កា​រ៉ាត់ ត្រូវបាន​ក្រុមហ៊ុន​ដាក់​ដេញថ្លៃ​ឈ្មោះ Christie អះអាងថា ជា​ត្បូង​ពេជ្រ​ពណ៌​ខៀវ​ធំជាងគេ​បំផុត​ក្នុង​លោក​។​

​ត្បូង​ពេជ្រ​ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឯកជន​នេះ ក្រុមហ៊ុន​ដាក់​ដេញថ្លៃ​ខាងលើ មិនបាន​បញ្ជាក់​អត្តសញ្ញាណ​នោះទេ​។​ ​ត្បូង​ពេជ្រ នឹងត្រូវ​បានដាក់​ដេញថ្លៃ​នៅ​ថ្ងៃទី ១៤ ខែឧសភា ដោយ​ថ្លៃ​ដាក់​ដេញ​ដំបូង​ក្នុងតម្លៃ​ចន្លោះ​ពី​២១ ដល់ ២៥​លាន​ដុល្លារ​។​ ​

កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៣ ត្បូង​ពេជ្រ​ពណ៌​ទឹកក្រូច​ធំជាងគេ​បំផុត​ក្នុង​លោក ដែលមាន​ទំហំ ១៤,៨២​កា​រ៉ាត់ ត្រូវបាន​ដាក់​ដេញ​ដោយ​ទទួលបាន​តម្លៃ​ប្រមាណ ៣៥​លាន​ដុល្លារ លើសពី​តម្លៃ​ដាក់​ដេញថ្លៃ​ចន្លោះ​ពី​១៧ ទៅ ២០​លាន​ដុល្លារ​៕tb