ស្ត្រីមេម៉ាយកំសត់រស់នៅក្រោមដំបូលខ្ទមកំសត់ធ្លុះធ្លាយ ចិញ្ចឹម​កូន​ចំនួន ០៣បានទទួលផ្ទះថ្មីពីសម្បុរសជន តាមការអំពាវនាវរបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន

0

កំពង់ធំៈ ស្ត្រីមេម៉ាយ ចិញ្ចឹមកូន៣នាក់ ក្នុងខ្ទមធ្លុះធ្លាយ ក្រោយពីបានយកចិត្តទុកដាក់ ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានចុះជួបផ្ទាល់គ្រួសារស្រ្តីកំសត់នេះ ដោយបានឃើញពីស្ថានភាពក្រលំបាកពិតប្រាកដ ក៏បានអំពាវនាវ ដល់សម្បរសជនជិតឆ្ងាយ ដែលមានចិត្តមេត្តាធម៌ ចំពោះគ្រួសារស្រ្តីមេម៉ាយនេះ ក៏បានជួយសាងសង់ ផ្ទះមួយខ្នងនិងបានប្រគល់ជូន រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផង ។

ពិធីប្រគល់ផ្ទះជូនដល់គ្រួសារក្រក្សត់នេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៨ ក្រោម អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ អាជ្ញាធរ ប្រជាពលរដ្ឋ ចូលរួមសម្តែងនូវសេចក្តីត្រេតអរ ជំនួយគ្រួសារក្រក្សត់នេះ ដោយមួយជីវិតគ្រួសារនេះរស់នៅយ៉ាងសែន វេទនាក្រោមជម្រកធ្លុះធ្លាយ ស្ថិតនៅ ភូមិ​កំពង់​គោ​ ឃុំ​កំពង់​គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ផ្ទះថ្មីដែលបានសាងសង់រួច ប្រគល់ជូនស្រ្តីមេម៉ាយ ដែលមានទំហំ៤មx៥ម ដែល​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​ទឹក​ប្រាក់​ចំនួន​២,៥៦០,០០០រៀល​  ដែលថវិការក្នុងការសាងសង់នេះ បានមកពីសម្បុរសជន ១-ឧត្តមសេនីយ៍ទោ គីម សុផារុន និងលោកជំទាវ  ថវិកា ១លានរៀលទី ២-ឧត្តមសេនីយ៍ទោ គន់ រ័ត្នមុន្នី និងលោកជំទាវ ថវិកា ៥០ម៉ឺនរៀល ទី ៣- ឧត្តមសេនីយ៍ទោ គង់ កន្នារិទ្ធ ថវិកា ៥០ម៉ឺនរៀល ទី ៤- លោក យន់ សុគន្ធ  និង លោកស្រី ថវិកា ៤០ម៉ឺនរៀល ទី ៥- លោកស្រី គីម ច័ន្ទសុលីណា និង ស្វាមី ថវិកា ២០ម៉ឺន ទី៦      ៦- លោកវរសេនីយ៍ឯក អ៊ីម ច័ន្ទសុភត្រានិង លោកស្រី ថវិកា ២០ម៉ឺនរៀល សរុបចំនួន២.៨០០.០០០រៀល ។

នៅក្នុងពិធីប្រគល់ផ្ទះថ្មីជូនដល់ស្រ្តីមេម៉ាយ ដែលមានមុខរបរដើរស៊ីឈ្នួល លាងចាន និងបោកខោអាវ អោយគេតាមភូមិ ដើម្បីដូរនឹងប្រាក់បន្តិចបន្តួច យកមកចិញ្ចឹមកូន៣នាក់នេះ ក្រុមការងារបានឧបត្ថម្ភជូនគាត់បន្ថែម​ទៀត​នូវ​កង់ជិះចំនួន១​ តម្លៃ​១៥០,០០០រៀល​ រួម​និង​សម្លៀកបំពាក់​សិស្ស​ ចំនួន​៣កំប្លេរ​ សារ៉ុង​ចំនួន​២​ កន្ទេល​ មុងភួយ​ ចាន​ឆ្នាំង​ ស្លាប​ព្រា​ ធុង​ទឹក​ សម្ភារៈ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ និង​ថវិកា​ចំនួន​ ១៥០,០០០រៀល​  ។ 

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន និង​សហការី​ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ និង​ប្រជាពលរដ្ឋ​ភូមិ​កំពង់​គោ​ ឃុំ​កំពង់​គោ​ សូម​គោរព​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សប្បុរសជន​ដែល​មាន​បញ្ជី​រាយ​នាម​ដូច​ខាង​លើនេះ​ ដែល​បាន​ចូលរួម​ថវិកា​ក្នុង​ការ​សាងសង់​ សូម​គោរព​ជូន​ពរ​ ឯកឧត្តម លោក​ជំទាវ​ សូម​បាន​ជួប​ប្រទះ​តែ​សេចក្ដី​សុខ​  សេចក្តី​ចម្រើន​ និង​ជួប​ប្រទះ​តែ​នឹង​ពុទ្ធ​ពរ​ទាំង​បួន​ប្រការគឺ អាយុ វណ្ណៈ​ សុខ​: និង​ពល:​ កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​  ។

ដោយ ប៊ុន រដ្ឋា