គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប បានដឹកសន្លឹកឆ្នោតទាំង៦៩ការិយាល័យមករក្សាទុកក្នុងឃ្លាំងរួចរាល់

0

ខេត្តកែប៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ សន្លឹកឆ្នោតទាំង៦៩ការិយាល័យ នៅទូទាំង៥ឃុំសង្កាត់ និង២ក្រុង ស្រុក ក្នុងមូលដ្ឋានខេត្តកែប បានដឹកមកដល់ទីតាំងប្រកបដោយសុវត្ថិភាព និងកំពុងរក្សាទុកក្នុងឃ្លាំង របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប ដោយរង់ចាំការត្រួតពិនិត្យជាលើកចុងក្រោយ។ ដំណើរការនៃការដឹកជញ្ជូនសន្លឹកឆ្នោតបានប្រព្រឹត្តិទៅដោយរលូន គ្មានឧបសគ្គអ្វីនោះឡើយ។

លោក គីវ សាឌុំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប បានអោយដឹងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តកែបបានប្រព្រឹត្តិទៅភាពជោគជ័យ ចាប់តាំងពីការបើកយុទ្ធនាការឃោសនា អំឡុងពេលនៃការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបឋម ក្នុងនោះគ.ជ.ប ខេត្តកែប មិនមានបណ្តឹងតវ៉ាណាមួយកើតឡើងនោះទេ។

លោកបន្ថែមថា ជាមួយលទ្ធផលល្អដូចនេះ មានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន ជាពិសេសកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលប្រឹងប្រែងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ ដែលធ្វើអោយដំណើរការបោះឆ្នោតទាំងមូលបញ្ចប់ដោយភាពជោគជ័យ។

លោក គី វុទ្ធី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប បានបញ្ជាក់ដែរថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋខេត្តកែបបានចេញមកបោះឆ្នោតច្រើនជាងគេនៅទូទាំងប្រទេសរហូតដល់ ៩១,៩៣% ដែលនេះជាភាពជោគជ័យមួយសម្រាប់ខេត្តកែប។

គួរបញ្ជាក់ថា លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តកែប គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងនៃការគាំទ្ររហូតដល់ ២១,៥៣០សំឡេង នៃពលរដ្ឋចេញមកបោះឆ្នោតរុប ២៥,៩២០នាក់ ជាមួយសន្ទុះចេញមកបោះឆ្នោតរបស់ប្រជាពលរដ្ឋមានរហូតដល់៩១.៩៣% នៃពលរដ្ឋសរុបដែលមានឈ្មោះក្នុងបញ្ជីគជប។ នេះបើយោងតាមលទ្ធផលបឋម ដែលចេញផ្សាយដោយគ.ជ.ប៕ សេង ណារិទ្ធ