រដ្ឋបាលខេត្តព្រះព្រះវិហារ! គោរពវិញ្ញាណក្ខន្ដប្រជាជនកម្ពុជាស្លូតត្រង់រាប់លាននាក់ ដែលបានពលីជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ពលពតនៅតំបន់១០៣ស្រុករវៀង

0

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ដប្រជាជនកម្ពុជាស្លូតត្រង់រាប់លាននាក់ ដែលពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ក្នុងរបបប្រល័យពូជសាសន៍ពលពត នៅមណ្ឌលឧក្រិដ្ឋកម្មតំបន់១០៣ ស្ថិតក្នុងភូមិ ថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ នាព្រឹកថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩។

ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជកាជកា ប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ។

ក្នុងឱកាស់នោះ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ទោះបី៣៩ឆ្នាំកន្លងទៅហើយក្តី ក៏ព្រឹត្តិការណ៍ដ៏សែនរន្ធត់នេះ នៅតែដក់ជាប់ក្នុងអារម្មណ៍បងប្អូនប្រជាជនកម្ពុជាយើងជានិច្ច។ ជាពិសេស ពុក ម៉ែ អ៊ុ ពូ មីង បងៗ ធ្លាប់បានឆ្លងកាត់ក្នុងរបបដ៏យង់ឃ្នង៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលកាន់កាប់ដោយប្រល័យពូជសាសន៍ប៉ុលពត កាប់សំលាប់ប្រជាពលរដ្ឋស្លូតត្រង់អស់ជាង៣លាននាក់។

អភិបាលខេត្តព្រះវិហារ បានបញ្ជាក់បន្តថា ដើម្បីជាសក្ខីភាពជាប្រវត្តិសាស្ត្រ រាជរដ្ឋាភិបាលបានដាក់ចេញនៅអនុក្រឹតលេខ១៩ អ ប ក្រ ម ប ក ចុះថ្ងៃទី១៤ ខែ កុម្ភ: ឆ្នាំ២០១៨ ដោយកំណត់យកថ្ងៃទី២០ ខែឧសភា «ជាទិវាជាតិនៃការចងចាំ» ជារាងរាល់ឆ្នាំ ដើម្បីរំលឹកដល់ដួងវិញ្ញាណក្ខន្តជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ធ្វើឲ្យកូនខ្មែរគ្រប់រូបចងចាំមិនភ្លេច នៅប្រវត្តិសាសន៍ដ៏សែនជូរចត់នេះ បានកត់ត្រាជាប់ជានិច្ចក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់រូប ក៏ដូចជាមនុសជាតិដែលស្នេហាសន្តិភាព សេរីភាព និងយុត្តិធម៌ទាំងអស់លើពិភពលោក ។

ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានថ្លែងថា បើទុកឲ្យរបបខ្មែរក្រហមមានជីវិតរស់រានរហូតមកដល់ពេលនេះ នោះប្រជាពលរដ្ឋទាំងអស់គ្នានឹងត្រូវស្លាប់ ហើយប្រទេសជាតិក៏គ្មានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យដូចសព្វថ្ងៃនេះដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្ថែមថា សម្រាប់ថ្ងៃ២០ឧសភា ដូចយើងបានដឹងហើយ ដោយការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន យើងក៏បានធ្វើពិធីចងចាំដែរ ដែលពីមុនយើងហៅថាទិវាចងកំហឹង តែឥលូវនេះយើងមិនប្រើពាក្សចងកំហឹងទេ គឺយើងប្រើថាទិវាចងចាំ។ ហើយរដ្ឋាភិបាលបានកំណត់យកទិវានេះជាទិវាបុណ្យជាតិមួយ ត្រូវបានឈប់សម្រាកដូចទិវាបុណ្យជាតិផ្សេងៗផងដែរ៕សួនលីណា