អាគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមីនានេះ

0

ព្រះសីហនុ: មន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មីមួយ ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមីនា និងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅចុងខែមេសា ឆ្នាំ២០២១។

ក្រុមអ្នកជំនាញចិននឹងមកជួយសម្រួលការងារតម្លើងបរិក្ខារតេស្តវីរុសកូវីដ-១៩ និងបណ្ដុះបណ្ដាលជូនដល់បុគ្គលិកសុខាភិបាលដែលមានការពាក់ព័ន្ធ នៅកំឡុងក្នុងដើមខែមេសា ឆ្នាំ២០២១។

បរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ ជាជំនួយឥតសំណងរបស់ប្រទេសចិន ចំណែកអគារជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

តាមរយៈការបង្កើតមន្ទីរពិសោធន៍វិជ្ជសាស្រ្តនេះ នឹងផ្តល់ភាពងាយស្រួលដល់ខេត្តព្រះសីហនុ និងខេត្តដែលមានព្រំប្រទល់ជាប់គ្នា ក្នុងការធ្វើតេស្តរកជំងឺវីរុសកូវីដ-១៩ដោយមិនចាំបាច់ទៅក្រុងភ្នំពេញដូចមុនទៀតឡើយ។