មេបញ្ជាការយោធភូមិភាគទី៤ និងអភិបាលខេត្តព្រះវិហារ ចូលរួមជាមួយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទិញផ្លែមៀនពីកសិករ យកមកផ្តល់ជូន អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ

ខេត្តព្រះវិហារ៖ នាយទាហាន និងពលទាហាន ចំណុះអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលកំពុងបំពេញភារកិច្ច ការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងឡាវ ទទួលបានផ្លែមៀន ពីលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា តាមរយៈការផ្តល់ជូន ពីមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ឯក ពៅ ហេង ,អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ក្រោមការគិតគូ យកចិត្តទុកដាក់ពី នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងផ្លែមៀនទាំងនោះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បាននាំយកផ្លែមៀន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងអង្គភាពចំណុះ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលស្ថិតនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ នាថ្ងៃទី២២សីហាឆ្នាំ២០២១នេះ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង ដោយចាត់ទុកផ្លែមៀន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ជួរមុខទាំងអស់ នាពេលនេះ គឺជាផ្លែមៀន «សន្តិភាព» ព្រោះកម្ពុជា កំពុងស្ថិតនៅក្នុងម្លប់ នៃសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា ក្នុងនាមកងទ័ពទាំងអស់ ចំណុះអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្តេជ្ញាឲ្យបានដាច់ខាត ក្នុងការការពារម្លប់សុខសន្តិភាព ដែលយើងគ្រប់គ្នារកបានមកដ៏កម្រនេះ ឲ្យបានគង់វង្ស និងមិនបណ្តែតបណ្តោយឲ្យក្រុមឧទ្ទាមក្រៅច្បាប់ ធ្វើអ្វីបានតាមទំនើងចិត្ត និងការប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ បានជាដាច់ខាត។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានសម្តែងការដឹងគុណជាពន្លឹក ចំពោះសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជាបិតាសន្តិភាព ហើយក្នុងនាមកងទ័ពទាំងអស់ សូមលំអោនកាយគោរពជូនពរសម្តេចទាំងទ្វេរ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ពីចម្ងាយ សូមសមប្រកបតែនឹងពុទ្ធិពរទាំង ៤ប្រការ មានជន្មាយុយ៉ឺនយូរ ដើម្បីដឹកនាំប្រទេសជាតិ នាំឆ្ពោះទៅកាន់ត្រើយ នៃសុខសន្តិភាព និងការអភិវឌ្ឍន៍ ជារៀងរហូតទៅ ៕ ដោយ៖ឡុង សំបូរ