សមត្ថកិច្ចចាប់ឃាត់អេស្កាវ៉ាទ័រធ្វើសកម្មភាពឈូសឆាយកកាយវ៉ៃព្រៃ គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ

កំពង់ឆ្នាំង៖ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ គ្រឿងចក្រអេស្កាវ៉ាទ័រ១គ្រឿង និងមនុស្ស ពីរនាក់ជាអ្នកបើកបររថយន្តដឹកគ្រឿងចក្រ និងអ្នកបើកអេស្កាវ៉ាទ័រ ធ្វើសកម្ម ភាពលួចឈូសឆាយកាយវ៉ែព្រៃចំណីទំនប់គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ នៅចំណុចបឹងត្រោក ស្ថិតក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងសមត្ថកិច្ចមន្ត្រីបរិស្ថាន និងនគរបាលស្រុក បង្ក្រាប និងឃាត់ខ្លួន ។

អ្នកមើលការខុសត្រូវ(មេការ) គ្រឿងចក្រដែលត្រូវសមត្ថកិច្ចបង្ក្រាបខាងលើនេះ ត្រូវបានគេស្គាល់ ឈ្មោះ ញឹក ហៃ រស់នៅភូមិខ្វិតទួលឃ្លាំង ឃុំក្បាល ទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ តាមប្រភពបានឲ្យដឹងថា លោកមេការ ឈ្មោះ ញឹក ហៃ រូបនេះ បានចេញមុខអះអាងថា សកម្មភាពការឈូសឆាយក កាយវ៉ៃនៅចំណុចខាងលើនេះគឺមានច្បាប់អនុញ្ញាត ត្រឹមត្រូវ ។ ពេលលោកមេការរូបនេះយកឯកសារដែលអះអាងថាត្រឹមត្រូវនោះ គឺមានតែលិខិតសុំឈូសឆាយដែលចុះហត្ថលេខាពីលោកស្រីមេឃុំ បង្កាន់ដៃបញ្ជាក់ក្បាលដី និងកិច្ចព្រមព្រៀងប្រគល់ដីក្បាលដីលេខ៥១ ហើយឯកសារទាំងនោះមិនស៊ីសង្វាក់គ្នានិង និងឈ្មោះអ្នកសុំច្បាប់ឈូសឆាយឡើយ ។

ជាមួយគ្នានេះដែរ លោកមេការ ញឹក ហៃ បានអះអាងថាលោកហ៊ាននាំគ្រឿងចក្រចូលមកឈូសឆាយកកាយវ៉ៃព្រខាងលើនេះដោយលោកសំអាងតែឯកសារខាងលើ និងលោកមេប៉ុស្តិ៍ឃុំក្បាលទឹក និង លោក ស្រីមេឃុំ ជាអ្នកអនុញ្ញាតិ ។ ហើយលោក ញឹក ហៃ ក៍បានអះអាងថាមានមន្ត្រ្តីរដ្ឋបាលព្រៃឈើចុះមកពិនិត្យ តែការអះអាងនោះមិនមានឯកសារណាមួយ បញ្ជាក់ឡើយ ។

ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានលួចបង្ហើបឲ្យដឹងថា ជារឿយៗការនាំគ្រឿងចក្រចូលមកឈូសឆាយដីក្នុងឃុំក្បាលទឹកនេះ មេការក៍ដូចជាម្ចាស់គ្រឿងចក្រ តែងតែមានទំនាក់ទំនងល្អស៊ីសង្វាក់គ្នាជាមួយលោកមេប៉ុស្តិ៍ ក៍ដូចជាលោកស្រីមេឃុំដែរ ទើបសកម្មភាពការឈូសឆាយនោះធ្វើបានរលូន ខណៈគ្រឿងវក្រគ្មានច្បាប់អាជីវកម្ម ឬគ្មានការស្នើសុំឈូសឆាយត្រឹមត្រូវក៍ដោយ ។

ទោះយ៉ាងណាក្តីអង្គភាពសារព័ត៌មានយើង មិនទាន់អាចសុំការបកស្រាយណាមួយពីលោកមេប៉ុស្តិ៍ ក៍ដូចជាលោកស្រីមេឃុំបាននៅឡើយទេ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង ដើម្បីបញ្ជាក់ថាការអះអាងលើកឡើងពីប្រភពប្រជាពលរដ្ឋនេះពិតឬយ៉ាងណា?