ជំនន់ទឹកភ្លៀងកំពុងគម្រាមកំហែង និងជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋជិត ៣០ខ្នង នៅខេត្តបន្ទាយមានជ័យ ភាគពាយ័ព្យប្រទេសកម្ពុជា

0

ខេត្តបន្ទាយមានជ័យ៖ លំនៅដ្ឋានប្រជាពលរដ្ឋ ២៧ខ្នង នៅក្រុង-ស្រុកចំនួនពីរ ក្នុងខេត្តបន្ទាយមានជ័យ បានរងការគម្រាមកំហែង និងជន់លិចពីជំនន់ទឹកភ្លៀង ដែលបានបន្តធ្លាក់ឥតស្រាកស្រាននាច្រើនថ្ងៃកន្លងមក និងបានអូសបន្លាយរហូតមកដល់ពេលនេះ។ ចំណែក អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានប្រញ៉ាប់ចុះជួយអន្តរាគមន៍ ជម្លៀសប្រជាពលរដ្ឋចាកចេញពីការលិចលង់នោះ បានទាន់ពេលវេលា កាលពីម៉ោង ៥ល្ងាច ថ្ងៃទី៥កញ្ញាឆ្នាំ២០២១។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញរបាយការណ៍ថា ដោយសារមានភ្លៀងធ្លាក់ក្នុងកម្រិតខ្លាំងជាប់ៗគ្នា ក្នុងភូមសាស្ត្រខេត្តបន្ទាយមានជ័យ បានបណ្តាលឲ្យលិចតំបន់មួយចំនួនក្នុងខេត្ត ក្នុងនោះ ទឹកភ្លៀងបានគ្របដណ្តប់ស្រុកម៉ាឡៃ និងបានជន់លិចផ្ទះប្រជាពលរដ្ឋ ១១ខ្នង ដែលស្ថិតនៅតាមតំបន់ទំនាបមាត់អូរជាប់ព្រំដែន និងក្រុងប៉ោយប៉ែត ទឹកបានជន់លិចក្រោមផ្ទះ ១៦ខ្នង ដែលស្ថិតនៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល និងផ្លូវលំមួយចំនួន ថែមទៀតផង។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញរបាយ​ការណ៍ដដែលថា ស្របពេលជាមួយនឹងទឹកភ្លៀងកំពុងគ្របដណ្តប់លើស្រុកម៉ាឡៃ និងក្រុងប៉ោងប៉ែត នោះ កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន បានចុះជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋ ចាកចេញពីទីជន់លិចនោះ បានយ៉ាងទាន់ពេលវេលា គ្រាដែលជំនន់ទឹកភ្លៀងនៅតែស្ថិតក្នុងស្ថានភាពឡើងចុះៗ ហើយខណៈនេះភ្លៀងក៏នៅតែបន្តធ្លាក់នៅឡើយ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយជំនន់ទឹកភ្លៀង អាចនឹងកើតឡើងក្នុងភូមិសាស្ត្ររាជធានី-ខេត្តចំនួន៧ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១។ នេះបើយោងតាមការជូនដំណឹងបន្ថែម ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៦កញ្ញា ដល់ទី១១ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រសួងធនធានទឹក និងឧតុនិយម ៕

ដោយ៖ឡុង សំបូ