ឯកឧត្តម ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចតេជោ បានជួយសង្គ្រោះអាយុជីវិត ពលរដ្ឋក្នុងស្ថានការណ៍ធំៗ ចំនួន ៣លើករួចមកហើយ

កំពង់ចាម : ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា ការផ្តល់កំណើត និងការជួយសង្គ្រោះជីវិត គឺជាគុណដ៏ធំធេងបំផុត។ ក្នុងឆាកជីវិតនយោបាយរបស់ សម្តេចតេជោ កន្លងមកនេះ លោកបានជួយសង្គ្រោះអាយុជីវិតប្រជាជនក្នុងស្ថានការណ៍ធំៗ ៣លើករួចមកហើយ៖ ជាអាទិ៍ការរំដោះប្រជាជនចេញពីការកាប់សម្លាប់ក្នុងរបបប៉ុលពត, ការបញ្ចប់សង្គ្រាមស៊ីវិលដោយនយោបាយឈ្នះ-ឈ្នះ, និងថ្មីៗនេះ គឺសច្ចភាពនៃការសង្គ្រោះជីវិតដោយតថ្លៃជាមួយមច្ចុរាជ និងរក្សាបានជីវិតប្រជាពលរដ្ឋរាប់សែននាក់ នៅក្នុងវិបត្តិនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩។

ឯកឧត្តម បាន បន្តថា នៅក្នុងកាលៈទេសៈដ៏លំបាកបំផុត ដែលថ្នាក់ដឹកនាំនៃបណ្តាប្រទេសភាគច្រើនមានការអល់អែកស្ទាក់ស្ទើរក្នុងការសម្រេចចិត្តឱ្យបានច្បាស់លាស់ ប៉ុន្តែ សម្តេចតេជោ បានធ្វើការអារកាត់សម្រេចចិត្តដាក់ចេញនូវវិធានការនានាទាំងការទប់ស្កាត់, ការព្យាបាល និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ប្រកបដោយការប្រុងប្រយ័ត្នជាមួយនឹងការសិក្សាគ្រប់ជ្រុងជ្រោយ និងការទទួលខុសត្រូវ ដោយឈរលើមូលដ្ឋានអាទិភាពចម្បងបំផុត គឺការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មិនអាចពន្យាពេលរង់ចាំបាន រហូតកម្ពុជាឈានត្រលប់មករកស្ថានភាពប្រក្រតីឡើងវិញ តាមរយៈការបិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ និងការបើកប្រទេសលើគ្រប់វិស័យឡើងវិញ ខណៈដែលអត្រាឆ្លងថ្មីមានកម្រិតទាប ហើយករណីស្លាប់ក៏មិនទាន់មានថ្មី ទោះបីជាមានការរាតត្បាតនៃមេរោគបំប្លែងថ្មីក៏ដោយ។

ក្នុង ពិធី នោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត បាន សង្កត់ ធ្ងន់ ថា ការបន្តុះបង្អាប់ណាមួយមកលើធនធានមនុស្សខ្មែរដោយអ្នកនយោបាយប្រជាភិថុតិ គឺជាការវាយប្រហារមកលើការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និងឪពុកម្តាយ អាណាព្យាបាល ដែលបានខិតខំតស៊ូយ៉ាងលំបាក ហើយក៏នេះជាការមើលងាយជាតិខ្មែរផងដែរ។ ក្នុងពេលបច្ចុប្បន្ន ប្រទេសយើងអាចម្ចាស់ការខ្លួនឯងលើគ្រប់វិស័យ ដូចដែលឆ្លុះបញ្ចាំងតាមរយៈកំណើនសេដ្ឋកិច្ចខ្ពស់ ជាពិសេសមុនការរាតត្បាតនៃជំងឺកូវីដ-១៩។ ទាំងនេះ គឺកើតឡើងដោយសារសមិទ្ធផលធនធានមនុស្ស ដែលផលិតដោយលោកគ្រូ អ្នកគ្រូ ហើយធនធានមនុស្សទាំងនេះ ទទួលបានការបណ្តុះបណ្តាលនៅក្នុងស្រុកខ្មែរ ហើយមួយចំនួនក៏បានទៅបន្តនៅបរទេស និងបានចូលបម្រើការងារនៅតាមគ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងក្នុងវិស័យឯកជន និងអង្គការជាតិ-អន្តរជាតិ ។

ជាមួយគ្នានោះ ឯកឧត្តម ហ៊ុន ម៉ាណែត បាន រំលឹកថា សម័យកាលមុន កម្ពុជាជួបការលំបាកច្រើនណាស់ ទាំងការខ្វះខាតសាលា ហើយប្រទេសក៏មានសង្គ្រាម ប៉ុន្តែបច្ចុប្បន្ននេះ ប្រទេសយើងមានសុខសន្តិភាព និងការអភិវឌ្ឍ ជាការបង្កលក្ខណៈឱ្យក្មួយៗមានឱកាសច្រើនគ្រប់បែបយ៉ាង និងនៅគ្រប់កន្លែងទាំងអស់ ទាំងជម្រើសក្នុងការសិក្សា និងជម្រើសការងារ។ ដូច្នេះ អ្វីដែលសំខាន់ចាំបាច់សម្រាប់ក្មួយៗ គឺការកសាងផ្នត់គំនិតនៃការតស៊ូម្ចាស់ការលើខ្លួនឯង ទាំងនៅក្នុងការសិក្សា និងការបំពេញការងារ ដើម្បីកសាងពង្រឹងសមត្ថភាព និងបង្កើតឱកាសឈានទៅជោគជ័យក្នុងជីវិត ៕