ថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ បានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យ និងគ្រូបង្រៀនដែលជាស្ត្រីទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីទទួលបានប្រសិទ្ធភាពការងារ កាន់តែប្រសើរថែមទៀត

0

ខេត្តព្រះវិហារ៖ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ និងជាអនុប្រធានកិត្តិយសសាខាសមគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ លោកស្រី ចឹក ហេង បានថ្លែងក្រើនរំលឹកបែបនេះ ក្នុងគ្រាដែលលោកស្រី អញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណា លជាមួយក្រុមគ្រូពេទ្យ និងគ្រូបង្រៀនជាស្ត្រីនៅក្នុងខេត្ត កាលពីថ្ងៃទី២៧មីនាឆ្នាំ២០២២ នៅសាលាខេត្តព្រះវិហារ។

ពិធីនោះទៀត ក៏មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាសមគមនារីខេត្តព្រះវិហារ លោកស្រី ខូយ ប៊ុនថាន​ ,អភិបាលរងខេត្ត និងជាប្រធានសាខាសមគមនារីកម្ពុជាខេត្តព្រះវិហារ លោកស្រី ប៉ាង រ៉ាវី ,ប្រធាន អនុប្រធាន សមាជិកសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត គ្រូពេទ្យ និងគ្រូបង្រៀនជាច្រើនរូប នៅក្នុងខេត្តព្រះវិហារ ផងនោះដែរ។

អភិបាលរងខេត្តព្រះវិហារ លោកស្រី ប៉ាង រ៉ាវី បានថ្លែងថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានកើតឡើងមានរយៈពេលជាច្រើនឆ្នាំមកហើយ សមាគមនេះ គឺជាអង្គការមហាជនមួយ ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ នោះមក ក្រោមទង់រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ដែលនៅពេលនោះ សមាគមមានឈ្មោះថា « សមាគមនារី សង្គ្រោះជាតិ »។ លោកស្រីបានបន្តថា ក្រោយមក« សមាគមនារី សង្គ្រោះជាតិ »​បានប្តូរឈ្មោះជាបន្តបន្ទាប់ និងមានការកែសម្រួលរចនាសម្ព័ន្ធឱ្យមកជា «សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍» ដូចសព្វថ្ងៃនេះ ។

លោកស្រី ប៉ាង រ៉ាវី បានថ្លែង កោតសរសើរ និងការលើកទឹកចិត្តដល់ស្តី្រ ដែលជាសមាជិកសមាគមទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារយ៉ាងសស្រាក់សស្រាំ បានយ៉ាងល្អប្រសើរ នាពេលកន្លងមក និងលោកស្រី ក៏បានថ្លែងរកការជម្រុញ ឲ្យបន្តខិតខំបំពេញលើកិច្ចការងារនេះបន្ថែមទៀត ដើម្បីភាពរីកចម្រើនសមាគម និងសង្គមជាតិយើង។

សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ ​លោកស្រី ចឹក ហេង បានមានប្រសាសន៍ថា បើទោះបីប្រទេសជាតិ កំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ក្តី តែវិស័យអប់រំ និងវិស័យសុខាភិបាល ក៏ដូចជា វិស័យផ្សេងៗទៀត ជាពិសេស គ្រូពេទ្យ និងគ្រូបង្រៀន នៅតែបានខិតខំប្រឹងប្រែងបំពេញការងារ បានយ៉ាងល្អប្រសើរ ។

លោកស្រី ចឹក ហេង បានថ្លែង ផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ និងគ្រូបង្រៀនដែលជាស្ត្រីទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយគុណធម៌ និងចរិកលក្ខណៈថ្លៃថ្នូ ក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ អោយកាន់តែមានការរីកចម្រើនបន្ថែមទៀត និងត្រូវបំផុសចលនាអប់រំផ្សាព្វផ្សាយឲ្យបានទូលំទូលាយ ដោយធ្វើឡើងជាប្រចាំ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ខ្លឹមសារ និងសេចក្តីសម្រេចនានារបស់ រាជរដ្ឋាភិបាល ៕ដោយ៖ឡុង សំបូរ