ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដើម្បីប្រជុំបូក សរុបលទ្ធផលការងារដែលសម្រេចបាននិងលើកទិសដៅអនុវត្តបន្ត ក្នុងឆ្នាំ2022នេះ

កំពង់ឆ្នាំង ៖ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីបូកសរុបលទ្ធផលការងារដែលសម្រេចបាន និងលើកទិសដៅអនុវត្តបន្ត។

កិច្ចប្រជុំខាងលើនេះមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ស្នងការស្នងការរង មេបញ្ជាការកងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ចូលរួមផ្ទាល់នៅសាលាខេត្ត និងកងកម្លាំងទាំងបីនៅថ្នាក់ក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ ចូលរួមតាមប្រព័ន្ធ Zoom។

ក្នុងកិច្ចប្រជុំនេះផងដែរឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងសមត្ថកិច្ចមន្ទីរអង្គភាពនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកអស់កម្លាំងកាយចិត្ត ខិតខំបំពេញការងារតាមភារកិច្ចរៀងៗខ្លួននិង ទទួលបានលទ្ធផល
ល្អគួរឲ្យកត់សម្គាល់ ជាពិសេស នារយៈពេលចុងក្រោយនេះ ក្រុមការងារចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទ នៅតាមបណ្ដាក្រុង ស្រុកជាប់ដងទន្លេសាប ដោយបានរុះរើ ដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ និងបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសនេសាទ កសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តផងដែរ។

ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ឯកឧត្តម ក៏បានដាក់ចេញនូវទិសដៅសំខាន់ៗ មួយចំនួនដូច
ជា បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ ត្រៀមលក្ខណៈក្នុងការថែរក្សា ការពារសន្តិសុខក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុម
ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បន្តចុះបង្ក្រាបបទល្មើសនេសាទឲ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត បង្ការ ទប់ស្កាត់បទល្មើសនានាដទៃទៀត បន្តយកចិត្តទុកដាក់គ្រប់គ្រងដីព្រៃលិចទឹកនៅតំបន់៣ បន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសវីរុសបម្លែងថ្មី បន្តជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រៀមលក្ខណៈឆ្លើយតបគ្រោះមហន្តរាយជាយថាហេតុ និងការងារសំខាន់ៗមួយចំនួនទៀត។

ពាក់ព័ន្ធនឹងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ រដ្ឋបាលខេត្តបាននឹងកំពុងរៀបចំ តុបតែង កែលម្អទីតាំងកម្សាន្តមួយចំនួននៅក្នុងក្រុងកំពង់ឆ្នាំង ហើយខ្ញុំបាទបានណែនាំដល់គ្រប់រដ្ឋបាលក្រុង ស្រុក ឲ្យកសាងផែនការរៀបចំសង្ក្រានឆ្នាំថ្មី នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កើនបរិយាកាសរីក
រាយឲ្យប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំមកនេះ តែត្រូវបន្តយកចិត្តទុកដាក់អនុវត្តតាមបរិបទនៃការរស់នៅតាមបែបគន្លងថ្មី។

ក្នុងឱកាសចុងក្រោយនោះ ឯកឧត្តមក៏បានឧបត្ថម្ភនូវថវិកា និងប្រេងឥន្ធនៈជូនក្រុមការងារចុះបង្ក្រាបបទល្មើសនេសាទទាំង៤ក្រុម ដឹកនាំដោយអភិបាលរងខេត្ត ដោយក្នុងមួយ
ក្រុមៗទទួលបានថវិកា ៣លានរៀល ប្រេងឥន្ធនៈ ៣០០លីត្រ ឧបត្ថម្ភថវិកា ៨លានរៀល និងប្រេងឥន្ធនៈ ២០០០
លីត្រ ជូនស្នងការដ្ឋាននគរបាលខេត្តសម្រាប់ចុះប្រតិបត្តិការបង្ក្រាប និងឧបត្ថម្ភថវិកា ២លានរៀលជូនមន្ទីរព័ត៌មាន៕
សុខ គឹមសៀន