បញ្ជាការដ្ឋានយោធាខេត្តប៊ីញភឿកនៃកងទ័ពប្រជាជនវៀតណាមអញ្ជើញសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនៅបញ្ជាការរដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

ខេត្តកំពង់ធំ៖ លោក វរសេនីយ៍ឯក វូ  ទៀនដៀន  ប្រធាននយោបាយ យោធាខេត្តប៊ីញភឿក បានដឹកនាំប្រតិភូនៃបញ្ជាការដ្ឋានយោធាខេត្តប៊ីញភឿក កងទ័ពប្រជាជនវៀតណាម អញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដល់ថ្នាក់ដឹកនាំ និងយោធិនចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅ រសៀល ថ្ងៃ ទី០៤  ខែមេសា  ឆ្នាំ ២០២២  ។

ឧត្ដមសេនីយ៍ ទោសោម ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានធ្វើកិច្ចស្វាគមន៍ ទទួលរ៉ាក់ទាក់  ប្រកបដោយភាពកក់ក្តៅ និងមនោសញ្ចេតនា  ក្នុងនាមកងទ័ពនៃប្រទេសជាមិត្តជិតខាង ក្នុងកិច្ចសហប្រតិបត្តិ និងសហការល្អ  និងបានថ្លែងអំណរគុណ ចំពោះគណបញ្ជាការយោធា ខេត្ត ប៊ីញភឿក  ដែលបានជួយឧបត្ថម្ភគាំទ្រ ក្នុងការសាងសង់សមិទ្ធផលមួយចំនួន នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំកន្លងមក។

រួមទាំងបានបញ្ជាក់ថា រយៈពេលជាងពីរឆ្នាំកន្លងមកនេះ  ក្នុងការប្រយុទ្ធប្រឆាំងការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ -១៩   ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធាខេត្តប៊ីញភឿក  បានជួយឧបត្ថម្ភគ្រឿងបរិក្ខារពេទ្យ សម្រាប់ការពារជំងឺកូវីដ១៩  ជូនដល់យោធិន  និងក្រុមគ្រួសារយោធិន  នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ប្រើប្រាសផងដែរ   ។

លោក វរសេនីយ៍ឯក វូ  ទៀនដៀន  បានអំណរគុណថ្នាក់ដឹកនាំ  នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់នៅក្នុងខេត្ត  ដែលបានជួយគាំទ្រ ឧបត្ថម្ភនិងបង្ករលក្ខណងាយស្រួល ដល់ក្រុមបច្ចេកទេសជំនាញកា៧២  របស់ខេត្តប៊ីញភឿក  ក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម  ដែលបានពលីជីវិត ក្នុងសម័យសង្គ្រាមកន្លងមក ដើម្បីធ្វើមាតុភូមិនិវត្តន៍ ទៅកាន់ប្រទេស ទទួលបានលទ្ធផល ល្អប្រសើរ   ។

លោក វរសេនីយ៍ ឯក វូ  ទៀនដៀន  បាន ឧបត្ថម្ភ ថវិកាមួយ ចំនួនសម្រាប់រៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មី  និង បានជូនពរឆ្នាំថ្មី ប្រពៃណីខ្មែរ  ជូនថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  និង កងកម្លំាង ទាំងអស់ព្រមទាំងក្រុម គ្រួសារ  សូមបានប្រកបដោយសេចក្តីសុខ សេចក្ដី ចម្រើន  និង មាន សុខភាព ល្អ  ទទួលបាន ជ័យជម្នះ គ្រប់ ភារកិច្ច ដែល រាជរដ្ឋាភិបាល កម្ពុជា ប្រគល់ ជូន  ។

ដោយ ប៊ុន រដ្ឋា