ខេត្តស្ទឹងត្រែង បានបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតជូន គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិទី៥នេះ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍មូលដ្ឋាន ឲ្យកាន់តែមានការរីកចម្រើនថែមទៀត

0

ខេត្តស្ទឹងត្រែង៖ មន្ត្រីបក្ស និងសមាជិក សមាជិកាបក្សប្រជាជនកម្ពុជា នៅក្នុងក្រុងស្ទឹងត្រែង ប្រមាណជាង ៣ពាន់នាក់ បានចូលរួមក្នុងមីទ្ទីង និងការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ និងមីទ្ទីងនោះ បានធ្វើឡើងក្រោមវត្តមាន លោក ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តស្ទឹងត្រែ ,លោក ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តស្ទឹងត្រែង ,លោក ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង។

នៅក្នុងអំឡុងពេល នៃយុទ្ធនាការឃោសនារកសម្លេងឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងត្រូវធ្វើឡើងក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ឧសភា ដល់ថ្ងៃទី៣មិថុនាឆ្នាំ២០២ ទើបត្រូវបានបិទបញ្ចប់ ដើម្បីរៀបចំដំណើរការបោះឆ្នោត នៅថ្ងៃអាទិត្យទី៥មិថុនាឆ្នាំ២០២២។

មន្ត្រីបក្ស និងសមាជិក សមាជិកាបក្សប្រជាជន ទាំង ៣៤ឃុំ-សង្កាត់ នៅក្នុងខេត្តស្ទឹងត្រែង បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងយកជ័យជំនះលើការបោះឆ្នោតនេះ មកជូនគណបក្សប្រជាជនកម្ពុជា ឲ្យខាងតែបាន ដើម្បីបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បន្តដឹកនាំប្រទេសជាតិ ប្រកបដោយការអភិវឌ្ឍលើគ្រប់វិស័យ ទៅតាមគោលនយោបាយបក្ស ដែលបានកំណត់ទុក។

សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លោក ស្វាយ សំអ៊ាង ដែលជាប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង បានអានសុន្តរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបានបង្ហាញសារពីសមិទ្ធផលជាប្រវត្តិសាស្រ្ត ដែលគណបក្សប្រជាជនកម្ពុជា បានសម្រេចជូនជាតិ និងប្រជាជនកម្ពុជា នាពេលកន្លងមក ក៏ដូចក្នុងគ្រាបច្ចុប្បន្ន ។

សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តស្ទឹងត្រែង​ លោក ឡូយ សុផាត បានថ្លែងអំណរគុណ ដល់សមាជិក សមាជិកា គណបក្សប្រជាជន និងប្រជាជនក្នុងខេត្តស្ទឹងត្រែងទាំងអស់ ដែលបានដាក់ការជឿជាក់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ជារៀងរហូតមក។

លោក ឡូយ សុផាត បានអំពាវនាវដល់ពលរដ្ឋនៅក្នុងគ្រប់មូលដ្ឋានរស់នៅ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នេះ ឲ្យបានគ្រប់ៗគ្នា គឺនៅថ្ងៃអាទិត្យទី៥ ខែមិថុនាឆ្នាំ ២០២២ ខាងមុខកុំបីខាន ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការអភិវឌ្ឍមូលដ្ឋាន ឲ្យកាន់តែរីកចម្រើនថែមទៀត៕ ដោយ៖ឡុង សំបូរ