រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្រើនរំលឹកថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌

0

ខេត្តរតនគិរី៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ មានប្រសាសន៍បែបនេះ ក្នុងគ្រាដែលលោកបានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ និងក៏មានការចូលរួមពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី, អយ្យការអមសាលាដំបូងខេត្តរតនគិរី មេបញ្ជាការកម្លាំងប្រដាប់អាវុធទាំងបី និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។

នៅក្នុងពិធីប្រកាសចូលកាន់តំណែងថ្មីរបស់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី នោះ លោក ឡុង ហុកម៉េង ជំនួសលោក ងិន ពេជ ដែលផ្ទេរទៅជា ព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ មានប្រសាសន៍ ដាស់តឿនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ លើកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធ៌ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពន្លឿនការដោះស្រាយសំណុំរឿង និងភាពមិនប្រក្រតីតាមតុលាការ។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍ ផ្តាំផ្ញើថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាព និងយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សុច្ចរិតភាព ដោយត្រូវប្រកាន់ខ្ជាប់នូវអនាគតិធ៌មទាំង៤ និងសុគតិធ៌មទាំង៥ នៅពេលជំនុំជម្រះក្តី និងអភិក្រមដ៏ថ្លៃថ្លាទាំង៥ រួមមាន៖ (ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់)។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់​ ត្រូវពង្រឹង និងយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាព ធនធានមនុស្ស ចំពោះថ្នាក់ដឹកនាំ ក៏ដូចមន្ត្រីរាជការក្រោមឱវាទ ទាំងផ្នែកបច្ចេកទេស សំដៅដល់ការបំពេញកាតព្វកិច្ច លើកកម្ពស់យុត្តិធ៌មសង្គម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធ៌មនៅកម្ពុជា។

ឧបនាកយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ​ បានថ្លែង ដាស់តឿនព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ដែលទើបនឹងចូលកាន់មុខតំណែងថ្មីនៅពេលនេះ ត្រូវអនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាព ហើយឈានទៅសម្រេចបាននូវស្នាដៃ និងជោគជ័យថ្មីៗ ថែមទៀត សម្រាប់ជាផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងបម្រើឱ្យវិស័យយុត្តិធម៌ទាំងមូល៕ដោយ៖ឡុង សំបូរ