ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលា និង សមិទ្ធផលនានា នៅក្នុងវត្តបទុមសាគរ ហៅវត្តស្រែវាលខាងកើត ស្ថិតនៅឃុំដងកាំបិត 

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ និងកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧបដ្ឋានសាលានិងសមិទ្ឋិផលនានា ដែលមានតម្លៃជាង៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក នៅក្នុងវត្តបទុមសាគរ ហៅវត្តស្រែវាលខាងកើត ស្ថិតនៅក្នុងភូមិស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

លោក លុន យេន ប្រធានក្រុមប្រឹក្សាឃុំដងកាំបិត ស្រុកសណ្ដាន់ បានឡើងធ្វើរបាយការណ៍អំពីប្រវត្តិនៃការកកើតឡើងនៅវត្តបទុមសាគរនេះ ដែលបានសាងសង់ឡើងនៅក្នុងឆ្នាំ២០០៨ ដែលមានអាយុកាលទើបតែ១៦ឆ្នាំ ដោយមានព្រះគ្រូចៅអធិការវត្តចំនួន៤អង្គរួចមកហើយ នឹងបានគូសបញ្ជាក់អំពីសមិទ្ធផលនានា ដែលបានសាងសង់ឡើង ដឹកនាំដោយព្រះតេជព្រះគណ ជុំ ម៉ុត ព្រះចៅអធិការវត្ត រួមជាមួយពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ  ដែលបានកសាងឧបដ្ឋានសាលាមួយខ្នង និងសមិទ្ធផលនានាមួយចំនួនទៀតដែលមានតម្លៃជាង៥០,០០០ដុល្លារសហរដ្ឋអាមេរិក។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមតំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត នឹងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ព្រះតេជគណ ជុំ ម៉ុត និងព្រះតេជគណ ព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទ និងសប្បុរសជននានា ដែលបានរួមគ្នាកសាងសមិទ្ធផលដ៏ប្រពៃថ្លៃថ្លានេះទុកជាសម្បត្តិបេតិកភណ្ឌរបស់វត្ត និងជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋតរៀងទៅ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងបញ្ជាក់ថា បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជារបស់យើងមានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ហើយកំពុងមានដំណើរការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ក្នុងនោះវិស័យអាណាចក្រ មានជាអាទិ៍ ស្ពាន ថ្នល់ សាលារៀន ព្រលានយន្តហោះ មន្ទីរពេទ្យ រោងចក្រ អាគារពាណិជ្ជកម្មធំៗខ្ពស់ៗកប់ពពក ពិសេសគម្រោងព្រែកជីកហ្វូនណនតេជោដែលគ្រោងស្ថាបនានៅពេលខាងមុខនេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជន និងកំណើនសេដ្ឋកិច្ចដល់ប្រទេសកម្ពុជាយើង។ ដោយឡែកក្នុងវិស័យពុទ្ធចក្រក៏បានដំណើរការរីកចម្រើនគ្រប់ទីកន្លែង ដែលបច្ចុប្បន្ននេះ វត្តអារាមនៅទូទាំងប្រទេសមានរហូតដល់ទៅជាង៥.០០០វត្ត និងមានព្រះសង្ឃគង់នៅជាង៧០.០០០អង្គ ។

នៅក្នុងឱកាសនេះ ក្នុងពិធីសម្ពោធនិងកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការឧបនូវដ្ឋានសាលា ព្រមទាំងសមិទ្ធផលនានា នៅក្នុងទីវត្តអារាមនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឲ្យឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសណ្តាន់ រួមជាមួយក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត បាននាំមកនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនប្រគេនដល់ព្រះសង្ឃសម្រាប់ចាត់ចែងក្នុងពិធិធីបុណ្យ និងសម្រាប់ចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានានៅវត្តបទុមសាគរ ហៅវត្តស្រែវាលខាងកើតនេះផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ។