ខេត្តកំពង់ធំ បានប្រារព្ធពិធីវេទិកាស្វាយចន្ទី ក្រោមប្រធានបទ(យើងរួមគ្នាផ្សព្វផ្សាយសក្តានុពល ស្វាយចន្ទីកម្ពុជា) ដើម្បីនាំចេញទៅក្រៅប្រទេសឱ្យមានគុណភាពខ្ពស់

0

កំពង់ធំ÷ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម ឯកឧត្តម តូច ប៊ុនហូរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ស៊ុន សេងហួត រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍ ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម Stefan Anton MESSERER ឯកអគ្គរដ្ឋទូតនៃសហព័ន្ធអាល្លឺម៉ង់ប្រចាំ ព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ បដែលបានចូលរួមក្នុងវេទិកាស្វាយចន្ទី ក្រោមមូលបទ(យើងរួមគ្នាផ្សព្វផ្សាយសក្តានុពលស្វាយចន្ទីកម្ពុជា) ដែលកំពុងតែរីកចម្រើនខ្លាំងជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ថា ខេត្តកំពង់ធំមានផ្ទៃដីដាំដុះស្រូវសរុបចំនួន២៥៣.៣០០ហិចតា ទទួលបានទិន្នផលជាមធ្យមប្រមាណ៤តោនក្នុង១ហិចតា។ រោងម៉ាស៊ីនកិនស្រូវមាន១៥ ដែលមានសមត្ថភាពកិនអង្ករសរុបបានប្រមាណ៨៥តោនក្នុង១ម៉ោង ឡសម្ងួតមាន១០% អាចសម្រួតស្រូវបានប្រមាណ៧ពាន់តោនក្នុងថ្ងៃ និងឃ្លាំងស្តុកស្រូវអាចស្តុកបានប្រមាណ១៧២ពាន់តោន។ ជារួមខេត្តកំពង់ធំផលិតបានស្រូវក្នុងរង្វង់៦០ទៅ៧០ម៉ឺនតោនក្នុងមួយឆ្នាំ ដែលអាចបំពេញតម្រូវការស្បៀងបានគ្រប់គ្រាន់ និងនៅសល់ស្រូវ សម្រាប់នាំចេញប្រមាណ៥០ម៉ឺនតោន។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ខេត្តកំពង់ធំមានរោងចក្រកែច្នៃជ័រកៅស៊ូចំនួន០៨ ក្នុងចំណោម ២៧ក្រុមហ៊ុន ដែលមានផ្ទៃដីកៅស៊ូ ដាំដុះសរុបប្រមាណជាង ៥៣ពាន់ហិចតា រួមជាមួយកៅស៊ូគ្រួសារប្រមាណ៨ពាន់ផងដែរ ដែលអាចស្រូបយកកម្លាំងពលកម្មពីតំបន់ផ្សេងៗបានប្រមាណជាង១ម៉ឺននាក់។ ក្រៅពីនេះខេត្តកំពង់ធំមានផ្ទៃដីដាំដុះដំណាំកសិឧស្សាហកម្មដូចជា ដំណាំស្វាយចន្ទីដាំដុះបាន ជាង ១៤៥ពាន់ហិចតា ដំឡូងមីប្រមាណ៥៣ពាន់ហិចតា ស្វាយកែវរមៀតប្រមាណ៩ពាន់ហិចតា ម្រេច១៤១ហិចតានិងតាង៉ែន៧៥ហិចតា។ ជាមួយគ្នានេះ ខេត្តក៏មានសហគ្រាសសិប្បកម្មកែច្នៃ ស្វាយចន្ទីចំនួន០៧កន្លែង និងម៉ាស៊ីនសម្លុត២៣កន្លែងផងដែរ ដែលមានលទ្ធភាពផលិតគ្រាប់ស្វាយចន្ទីនៅបានប្រមាណ២០ម៉ឺនតោន ស្មើនឹង៣០% នៃក្របខណ្ឌទូទាំងប្រទេស។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វេទិកាស្វាយចន្ទីនាថ្ងៃនេះ គឺជាការបោះជំហានមួយថ្មីទៀត ក្រោយពី ការដាក់ចេញនូវគោលនយោបាយជាតិស្ដីពីស្វាយចន្ទី២០២២-២០២៧។ វេទិកាស្វាយចន្ទីនាពេលនេះនឹងបង្កើតឱកាសឲ្យតួអង្គពាក់ព័ន្ធនានាបានផ្សព្វផ្សាយនូវសក្កា នុពលស្វាយចន្ទីក្នុងខេត្តកំពង់ធំ និងក្នុងក្របខណ្ឌទូទាំងប្រទេសផងដែរ ជាពិសេសគឺការស្វែង យល់ឲ្យកាន់តែច្បាស់អំពីគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ដើម្បីត្រៀមខ្លួនឲ្យបានទាន់ពេល វេលា និងប្រកបដោយប្រសិទ្ធភាពក្នុងការចូលរួមចំណែកជំរុញគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ឲ្យសម្រេចបានតាមគោលដៅដែលបានគ្រោងទុក។ ជាពិសេសគឺការសម្រេច ឲ្យបានតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីបើកបុណ្យទន្លេលើកទី៧ ក្នុងខេត្តកំពង់ធំ កាលពីខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ ដោយចង់ប្រែក្លាយកម្ពុជាជាប្រទេសផលិតស្វាយចន្ទីច្រើនជាងគេលើពិភពលោក ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានបន្តទៀតថា បំណងប្រាថ្នានេះ នឹងត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តអនុវត្តដោយយកចិត្តទុកដាក់បំផុត។ ជាក់ស្តែង  បានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុះមុតរបស់រាជរដ្ឋាភិបាល និងពិត ជាបង្កើននូវភាពជឿជាក់ និងភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋខេត្តកំពង់ធំ និងបង្កើនការចូលរួមជំរុញការដាំដុះស្វាយចន្ទីឲ្យឆ្លើយតបទៅនឹងផែនការដែលបានគ្រោងទុក ។ ជាការពិតណាស់ គោលនយោបាយស្វាយចន្ទីគឺជាយុទ្ធសាស្រ្តគន្លឹះមួយដែលជួយជំរុញផលទុន ជាតិ និងសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរ។លើសពីនេះទៅទៀត រាជរដ្ឋាភិបាលក៏បានដាក់ចេញ នូវគោលការណ៏អាទិភាពចំនួន០៦ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅជំរុញឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។

ចុងក្រោយ ឯកឧត្តមលោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំ ភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ បានអញ្ជើញទស្សនាការតាំងពិពណ៌នៅតាមស្តង់នីមួយៗ ដែលមានដាក់តាំងនៅបរិវេណសួនច្បារមាត់ស្ទឹងសែនផងដែរ។ អត្ថបទលោកធូ កែវមុន្នី-កែសម្រួលដោយអ៊ុមញឹប៕