សមត្ថកិច្ចចាប់គោយន្តកែច្នៃមួយគ្រឿង រឹបអូសឈើជាង ២០០សន្លឹក និងឃាត់ខ្លួនមនុស្សពីរនាក់ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើល្មើសច្បាប់ នៅខេត្តព្រះវិហារ !

0

ខេត្តព្រះវិហារ៖ នាយផ្នែករដ្ឋបាលព្រៃឈើឆែប នៃខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក សេង លាង បានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកឆែប ចុះស្ទាក់ចាប់គោយន្តកែច្នៃមួយគ្រឿង ដែលដឹកទូជជុះ និងពូកលក់ឡៃឡុង បន្លំបង្កប់ដឹកឈើអារ ២១៦សន្លឹក ស្មើនឹងប្រមាណ ៩ម៉ែត្រគូបត្រីគុណ និងបានឃាត់ខ្លួនបុរសពីរនាក់ ដែលជាអ្នកបើកបរ និងព្រូគោយន្តកែច្នៃ លួចដឹកឈើល្មើសច្បាប់ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅលើដងផ្លូវជាតិលេខ៩ ស្ថិតក្នុង ភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបគោយន្តកៃច្នៃមួយគ្រឿង ដែលបង្កប់ឈើអារស្រស់ៗ ជាង ២០០សន្លឹក ព្រមទាំងឃាត់ខ្លួនបុរសពីរនាក់ខាងលើនោះ សមត្ថកិច្ចស្រុកឆែប បានអនុវត្តក្រោយទទួលបានបញ្ជាពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ បន្ទាប់ពីដឹងថា គោយន្តកែច្នៃនោះ បានដឹកឈើបន្លំភ្នែកសមត្ថកិច្ច ក្រោមការប្រើរូបភាពធ្វើជាអ្នកដើរលក់ ទូជជុះ និងពូកឡៃឡុង ដោយរៀបទូបិទបាំងសងខាង ហើយលើកពូកចាស់ៗដាក់ពីលើ រួចបើកឆ្លងកាត់ដែនដីរដ្ឋបាលស្រុកឆែប ប៉ុន្តែ ត្រូវបានបង្ក្រាប និងឃាត់ខ្លួនដោយកម្លាំងសមត្ថកិច្ច នៅក្នុងមូលដ្ឋាននោះ។

មន្ត្រីជំនាញព្រៃឈើបានឲ្យដឹងថា សតម្ថកិច្ចបានឃាត់គោយន្តកែច្នៃ ១គ្រឿង រឹបអូសឈើអារ ២១៦សន្លឹក ស្មើនឹង ៩ម៉ែត្រគូបត្រីគុណ និងឃាត់អ្នកបើកបរ និងព្រូគោយន្តកែច្នៃពីរនាក់ ដែលដឹកជញ្ជូនផល-អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។ លោកបន្តថា ក្រោយការឃាត់ខ្លួន បុរសទាំងពីរនាក់ ដែលរស់នៅភូមិដូងទី១ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បួងឃ្មុំ ឲ្យសហការជាមួយ កម្លាំងសមត្ថកិច្ច ហើយឲ្យជួយបើកគោយន្តកែច្នៃដឹកឈើនោះ បញ្ជូនមករក្សាទុកនៅថ្នាលបណ្តុះកូនឈើឆែប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ឡុង សំបូរ