ជន​ពិការ​ម្នាក់​ជិះ​លើ​រទេះ​រុញ​ ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ស្លាប់​

0

ត្បងឃ្មុំ:​ ជន​ពិការ​វ័យ​ចំណាស់​ដែល​ជា​ជន​អនាថា​ម្នាក់​ ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ ខណៈ​ដែល​ជនរងគ្រោះ​ជិះ​លើ​រទេះ​រុញ​ ត្រូវ​រថយន្ត​មិន​

ស្គាល់​ម៉ាក​បុក​ហើយ​បើក​រត់​គេច​ទៅ​បាត់​​ ដែល​ហេតុការណ៍​នេះ​បាន​កើតមាន​ឡើង​កាល​ពី​វេលាម៉ោង​៨​និង​៤០នាទី​យប់​ ថ្ងៃ​ទី​១៨​ មិនា​ ២០១៧​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧​ ស្ថិតក្នុង​ភូមិ​ម្រាម​ទាក​ ឃុំ​ជីរោទ៍​ទី​២​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​។
លោក​វរសេនីយ៍ត្រី​ ឡុង​ សារិន​ អធិការ​រង​នគរបាល​ស្រុក​ត្បូងឃ្មុំ​​បាន​ឲ្យដឹងថា​ ជនរងគ្រោះ​មាន​ឈ្មោៈអ៊ែល ទិត ភេទប្រុស​ អាយុ៦១ឆ្នាំ ជាតិ​ខ្មែរ​ឥស្លាម​ ដែល​ជា​ជន​ពិការ​ និង​ជា​ជន​អនាថា​ផង​ ខណៈ​ដែល​ជនរងគ្រោះ​ជិះ​នៅ​លើ​រទេះ​រុញ​ ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​ភិនភាគ១គ្រឿង​ ​បាន​បើក​មក​បុក​ជនរងគ្រោះ​ បណ្ដាលឲ្យ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​លើ​ថ្នល់​ ហើយ​រថយន្ត​បង្ក​ហេតុ​បាន​បើក​រត់​គេច​ទៅបាត់​ភ្លាម​ៗ​តែ​ម្ដង​។
ក្រោយ​ពី​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ និង​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​ហេតុ​ ដើម្បី​ឲ្យ​ចូល​ខ្លួន​ដោះស្រាយ​ចំពោះ​មុខ​ច្បាប់​ ចំណែក​សាកសព​ជនរងគ្រោះ​ សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ ដើម្បី​យក​ទៅ​បូជា​តាម​ប្រពៃណី​ ៕