ជនមិនស្គាល់មុខលបបាញ់ប្រហារ យុវជន២នាក់ បណ្តាលអោយស្លាប់ម្នាក់ របួសធ្ងន់ម្នាក់!

0

ព្រះវិហារ៖ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ដោយសារតែជនមិនស្គាល់មុខលួចបាញ់ប្រហារ កាលពី វេលាម៉ោងជិត៨យប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧នេះ នៅចំណុច ខ្ទមអ្នកតា ឋិតក្នុង ភូមិកាឡោត ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ ។


យោងតាមការបញ្ជាក់ពីលោកវរៈសេនីយ៍ឯក ឆយ បូរិន នាយសេនាធិការដ្ឋាននៃ ស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ បានឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះថា ការលបបាញ់ប្រហារពីជនមិនស្គាល់អត្តសញ្ញាណ កាលពីថ្ងៃទី១០ ខែមេសានេះ បានធ្វើឲ្យយុវជន ម្នាក់ឈ្មោះ ឈុន រី អាយុ១៧ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំសង្កែរពីរ ស្រុកឆែប បានស្លាប់ភ្លាម ដោយជនមិនស្គាល់មុខបាញ់ចំគល់ចង្កេះ និងចំហៀងខ្លួន នឹងយុវជនម្នាក់ទៀត ឈ្មោះ វ៉ាន់ វៃ អាយុ១៨ឆ្នាំ រងរបួសធ្ងន់ ចំគល់ចង្កេះ ។
ក្រោយកើតហេតុភ្លាមនោះ ជនបង្កក៏បានរត់គេចខ្លួនបាត់ស្រមោលតែម្តង នេះបើតាម ការសន្និដ្ឋានរបស់សមត្ថកិច្ចថា ជាករណីគំនុំ ហើយជនមិនស្គាល់មុខបានប្រើប្រាស់កាំភ្លើងច្នៃ ប្រភេទកាប៊ីន បាញ់ទៅលើជនរងគ្រោះ ។
សមត្ថកិច្ចបន្តថា ការលប់បាញ់ប្រហារនេះ បន្ទាប់ពីយុវជនរងគ្រោះទាំងពីរនាក់ខាងលើ បានជិះម៉ូតូចេញពីកន្លែងរាំធុងបាសនៅក្នុងភូមិកើតហេតុខាងលើ ត្រឡប់ទៅលំនៅឋានវិញ ក៏ស្រាប់តែមានជនមិនស្គាល់មុខលបបាញ់តែម្តង ។
មកដល់ពេលនេះ សមត្ថកិច្ចកំំពុងដុតដៃដុតជើង ស៊ើបអង្កេត ស្វែងរកឃាត់ខ្លួនជន សង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ រីឯយុវជនដែលស្លាប់ត្រូវក្រុមគ្រួសារឪពុកម្តាយ យក ទៅធ្វើបុណ្យតាមប្រពៃណី ចំពោះអ្នករងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ១៦មករា ក្រុងព្រះវិហារ ៕សួនលីណ