ក្រុមប្រឹក្សាយុវជនជាង១០០នាក់មកទស្សនាស្វែងយល់ពីតំបន់រមណីយដ្ឋានអង្គរ

0

សៀមរាប៖ ក្រសួងអប់រំយុវជន និងកីឡា ក្នុងគម្រោងលើកកម្ពស់ក្រុមយុវជនឆ្នើម បានដឹកនាំក្រុមប្រឹក្សាយុវជនទូទាំង២៥ខេត្តក្រុងនៃ

ព្រះរាជាណាចក្រកម្ពុជា មកបំពេញទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ទី១៤ ខែតុលា ឆ្នាំ២០១៧។

ព្រឹកថ្ងៃទី១១ ខែតុលានេះ ក្រុមប្រឹក្សាយុវជនប្រមាណ១៧៥នាក់ ដែលបានជ្រើសចេញពីយុវជនឆ្នើមក្នុងចលនាបីល្អ គឺកូនល្អ សិស្សល្អ និងមិត្តល្អ បានជួបជុំគ្នានៅសាលាគរុកោសល្យខេត្តសៀមរាប ដើម្បីស្តាប់បទបង្ហាញពីអ្នកជំនាញនានា អំពីប្រវត្តិសាស្ត្រ និងភាពអស្ចារ្យនៃអារ្យធម៌ មុននឹងពួកគេចេញដំណើរទៅកម្សាន្តតាមប្រាសាទនានា តាមដែលបានគ្រោងទុក។

អ្នកគ្រូ ទេព ស៊ីណាត ប្រធាននាយកដ្ឋានយុវជននៃក្រងសួងអប់រំយុវជន និងកីឡា និងជាអ្នកសម្របសម្រួលកម្មវិធីបំពេញទស្សនកិច្ចសិក្សានេះបញ្ជាក់ថា គោលបំណងសំខាន់នៃកម្មវិធីនេះ៤ចំណុចសំខាន់ៗ។ ទី១ ដើម្បីលើកទឹកចិត្តដល់យុវជនឆ្នើមដែលមានស្នាដៃក្នុងការជំរុញចលនាបីល្អនៅក្នុងសាលារៀនរបស់ពួកគាត់។ ទី២គឺ ចង់ឲ្យក្រុមយុវជនឆ្នើមទាំងអស់បានទស្សនាដោយផ្ទាល់ នូវប្រាង្គប្រាសាទដែលកេរមរតកដ៏មានតម្លៃរបស់បុព្វបុរសខ្មែរ។ ទី៣ គឺជំរុញឲ្យក្រុមយុវជនកាន់តែស្រឡាញ់ចូលចិត្ត និងមានគំនិតចូលរួមថែរក្សាកេរមរតករបស់ដូនតា។ គោលបំណងទី៤នោះគឺ ការបង្កើនសមត្ថភាពយល់ដឹងដល់ក្រុមយុវជនឆ្នើមលើចំណេះដឹងផ្នែកវប្បធម៌។

អ្នកគ្រូរៀបរាប់ថា ចលនាបីល្អត្រូវបានក្រសួងអប់រំបង្កើតជាយូរមកហើយ ក្នុងគោលដៅជំរុញកុមារ និងយុវជនឲ្យខិតខំសិក្សារៀនសូត្រ និងអប់រំខ្លួនឲ្យបានល្អក្នុងសង្គម។ ដោយឡែក កម្មវិធីជ្រើសរើសយុវជនឆ្នើមមកទស្សនាតាមប្រាសាទនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩មក។ តាមរយៈកម្មវិធីនេះ ក្រុមកុមារ និងយុវជនឆ្នើមមិនត្រឹមតែបានទស្សនាប្រាសាទដោយផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងបានស្តាប់មេរៀនផ្សេងៗ ជាពិសេស មេរៀនអំពីអារ្យធម៌អង្គរ ដែលតែងធ្វើបទបង្ហាញដោយមន្ត្រីជំនាញផ្នែកបុរាណវិទ្យាមកពីអាជ្ញាធរជាតិអប្សរាផ្ទាល់។

តាមការរៀបរាប់របស់អ្នកសម្របសម្រួលកម្មវិធីរូបនេះ ក្រោយពីស្តាប់បង្ហាញចប់ យុវជនឆ្នើមទាំងនេះនឹងត្រូវទៅទស្សនាសារមន្ទីរជាតិអង្គរ និងប្រាសាទសំខាន់នៅក្នុងតំបន់អង្គរដូចជា ប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម បន្ទាយក្តី ជាដើម។ ក្រៅពីនេះ ក្រុមយុវជននឹងទៅទស្សនាភូមិវប្បធម៌ខ្មែរបន្ថែមទៀត៕